ភ្នំពេញៈ ខណៈដែលបទ “បាត់បងដូចបាត់ Hot Dog” ក៏ស្ថិតក្នុងការរិះគន់មិនខុសពីបទ “ស៊ីបានតែស៊ីទៅ” របស់លោក កែវ វាសនា និងបទ “ទាល់តែយូរបានស៊ីអូនបាន” របស់កញ្ញា ម៉ាលីស នៅក្នុងផលិតកម្ម U ដែរនោះ ម្ចាស់បទនេះ បានជាប្រកាសចេញ MV យ៉ាងព្រងើយ។ ការចេញវីដេអូបទនេះ ត្រូវបានមហាជនចែកចាយយ៉ាងគគ្រឹកគគ្រេងនៅលើហ្វេសប៊ុក បើទោះជាឈុតសម្ដែងរបស់បទនេះ ទទួលបានការចាប់អារម្មណ៍ ក៏អត្ថន័យរបស់បទនេះ ត្រូវគេប្រដូចថា មិនមានខ្លឹមសារមិនសូវសមរម្យសម្រាប់យុវតីខ្មែរ។
អ្នកគាំទ្រជាច្រើន បានបញ្ចេញទស្សនៈរិះគន់លើបទ “បាត់បងដូចបាត់Hot Dog” ដោយគេឃើញតារាសម្ដែងលោកប៉ីប៉ីឌី បានទាំងបង្ហោះវីដេអូប្រដូចបទនេះ ថា ជាបទដែលមានខ្លឹមសារមិនខុសពីរឿងស៊ិច ដែលមិនគួរ នឹងយកមកនិពន្ធជាបទចម្រៀងឲ្យក្មេងៗស្ដាប់ជាសាធារណៈនោះផង។ ការចេញវីដេអូរបស់បទនេះ ត្រូវគេមើលឃើញថា ជាការដុតកម្ដៅអារម្មណ៍អ្នករិះគន់ ដោយសារតែបទមួយនេះ ត្រូវគេអះអាងថា មានន័យធៀបរបៀបអាសអាភាស ដែលមិនអាចទទួលយកបាន។
យ៉ាងណាមិញ គេមិនឃើញផលិតកម្ម P-Production ខ្វាយខ្វល់ពីប្រតិកម្មរបស់មហាជននោះទេ ដោយនៅតែបានប្រកាសថា បទចម្រៀងដែលខ្លួនផលិតនេះ គឺបានចេញជាឈុតឆាកវីដេអូហើយ និងស្នើឲ្យធ្វើការគាំទ្រ។ អ្នកចែកចាយវីដេអូបទនេះខ្លះ និយាយថា នេះគ្រាន់តែអ្នកនិពន្ធប្រើន័យធៀបមកធ្វើជាបទចម្រៀងប៉ុណ្ណោះ បន្តិចទៀត គឺប្រាកដជាដាក់ពាក្យចំៗតែម្ដង ដែលបង្ហាញកាន់តែច្បាស់ថាសីលធម៌នៅក្នុងចម្រៀងខ្មែរ កាន់តែត្រូវបានបន្ទាបបន្ថោក ដោយសារតែអ្នកនិពន្ធ និងអ្នកចម្រៀងខ្លះ មិនខ្វល់ពីការបណ្ដុះគំនិតអប់រំនៅក្នុងបទចម្រៀងរបស់ខ្លួន។ បើទោះជាអត្ថន័យចម្រៀងមិនបានបង្ហាញពីឈុតអាសអាភាសណាមួយ ប៉ុន្តែក្រុមអ្នករិះគន់នៅតែយល់ឃើញថា ពាក្យ Hot Dog (ជាប្រភេទសាច់ក្រករបស់អឺរ៉ុប) ដែលបានបង្កប់នៅក្នុងអត្ថន័យចម្រៀង មិនមែនជារឿងសមរម្យសម្រាប់ការផលិតចម្រៀងឲ្យមហាជនស្ដាប់។
ផលិតកម្ម P-Production និងតារាចម្រៀងស្រីម្ចាស់បទ “បាត់បងដូចបាត់Hot Dog” នៅមិនទាន់សុំការបំភ្លឺពាក់ព័ន្ធនឹងការនិពន្ធបទនេះនៅឡើយទេ ក្នុងពេលដែលមនុស្សកាន់តែច្រើនយល់ថា ការផលិតជា MV របស់បទនេះ គឺជាការដុតកម្ដៅអារម្មណ៍មហាជ ក្នុងពេលដែលបទ “ស៊ីបានចេះតែស៊ីទៅ” និងបទ “ទាល់តែយូរបានស៊ីអូនបាន” ទើបនឹងផ្ទុះការរិះគន់ពេញទំហឹង រហូតឈានដល់ប្រកាសឲ្យបិទបទទាំងពីរ២នេះចោល៕
https://youtu.be/up3Ni4Hj7tE
មតិយោបល់