ព័ត៌មានជាតិ

ខ្យល់​កន្ត្រាក់​ ផ្តាច់​ចរន្តអគ្គិសនី​ ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​១៥១​ខ្នង​

បាត់ដំបងៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ភ្លៀង​ផ្គរ​ន្ទះ​ បាន​ផ្តាច់​ចរន្តអគ្គិសនី​បង្កឲ្យប៉ះពាល់ដល់​ប្រជាពលរដ្ឋ​ គ្មាន​ភ្លើង​ប្រើប្រាស់​ជាង​២​ពាន់​គ្រួសារ​ ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ ១៥១​ខ្នង​ ដួល​រលំ​និង​របើក​ដំបូល​ស្តង់​ទីលាន​ទិញ​ដំឡូង​២​កន្លែង​ ដួល​រលំ​រោងការ​២​កន្លែង​ នៅ​ក្នុងស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ជាប់​ព្រំដែន​ កម្ពុជា​-​ថៃ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា​ ហេតុការណ៍​នោះ​ មិន​បង្ក​ប៉ះពាល់​គ្រោះថ្នាក់​អាយុជីវិត​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ឡើយ​។​

បើ​យោង​តាម​របាយការណ៍​របស់​ អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ខ្យល់​កន្ត្រាក់​បោកបក់​ប៉ះពាល់​ចំនួន​៣​ឃុំ​ គឺ​ ឃុំ​សន្តិភាព​ ​ឃុំ​សិរី​មាន​ជ័យ​ និង​ឃុំ​ជ្រៃ​សី​ម៉ា​ ក្នុង​នោះ​រង​ការ​ខូច​ ផ្ទះ​ដួល​រលំ​ទាំងស្រុង​១៥​ខ្នង​និង​ផ្ទះ​ របើក​ដំបូល​ស័ង្កសី​ទាំងស្រុង​និង​របើក​ដំបូល​មធ្យម​១៣៧​ខ្នង​ របើក​ដំបូល​សាលារៀន​បឋម​សិក្សា​ហ៊ុន​ សែន​ ជ្រៃ​ សី​ម៉ា​ ២៥​សន្លឹក​។​ ក្នុង​ឃុំ​ចំណោម​ទាំង​៣​ ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​គឺ​ ឃុំ​សន្តិភាព​បាន​រង​គ្រោះ​ខ្យល់​បក់​បោក​ដួល​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ច្រើន​ធ្ងន់ធ្ងរ​ជាងគេ​។​

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ ដែល​មាន​លាយឡំ​ជាមួយ​និង​ភ្លៀង​ផ្គរ​ន្ទះ​ពី​ទិស​ខាងកើត​ទៅ​លិច​។​ ខ្យល់​កន្ត្រាក់​ក៏​បាន​កួច​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ប៉ើង​រហូត​ចម្ងាយ​ចាប់ពី​៥០​ម៉ែត្រ​ទៅ​៦០​ម៉ែត្រ​ក៏​មាន​ផង​ដែរ​។​ ខ្យល់​ក៏​បាន​បក់​បោក​កួច​ដំបូល​ស័ង្កសី​បុក​ចំ​បង្គោល​ខ្សែភ្លើង​នៅ​ចំណុច​ក្បែរ​ធនាគារ​អេ​ស៊ី​លី​ដា​ សាខា​ស្រុក​សំពៅ​លូន​១​កន្លែង​ បង្ក​ផ្តាច់រ​ន្ត​អគ្គិសនី​ទាំងស្រុង​ប៉ះពាល់​ប្រជាពលរដ្ឋ​៣​ឃុំ​ខាងលើ​ គ្មាន​ភ្លើង​ប្រើប្រាស់​មួយ​យប់​។

​សូម​រំឭក​ថា​ ខេត្តបាត់ដំបង​ ជា​លើក​ទី​២​នៅ​ដើមឆ្នាំ​២០១៩​ ត្រូវ​គេ​មើលឃើញ​ថា​ បាន​រង​គ្រោះ​ដោយ​ខ្យល់​ក​ន្រា្ត​ក់ ​បង្ក​ឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។​ នៅ​ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​ ខ្យល់​កន្ត្រាក់​បាន​បង្ក​ឲ្យយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​៣០​ខ្នង​ និង​ដួល​រលំ​រោង​ទីលាន​ទិញ​ដំឡូង​មី​១​កន្លែង​ទាំងស្រុង​។​ ខ្យល់​កន្ត្រាក់​នោះ​ បង្កឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​៕​

មតិយោបល់