ព័ត៌មានជាតិ

រថយន្តបាឡែនបោះពួយ ទៅបុកខឿនធនាគារABA បណ្តាលឲ្យរេកន្ទុយក្រោយ បោកផ្ទប់និងដើមឈើ របួសមនុស្ស ២នាក់

ភ្នំពេញ: បុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀត បានបើករថយន្តបាឡែនមួយគ្រឿង បោះពួយយ៉ាងលឿន ដល់ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលទៅបុកខឿនធនាគារABA បោកផ្ទប់និងដើមឈើពេញទំហឹង បណ្ដាលឲ្យរថយន្តវិលត្រឡប់ក្រោយប្រមាណជា៤០ម៉ែត្រ របួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ខណ:រថយន្តខូចខាតស្ទើរទាំងស្រុង។

ហេតុការណ៍នេះ កើតទ្បើងកាលវេលាម៉ោង១ និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសាលាវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

តាមប្រភពពីសន្តិសុខយាម នៅធនាគារABA បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់រួមដំណើនិងបុរសម្នាក់ទៀត បានបើករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-7112 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ផ្លូវកោងបួងចង្កូតមិនទាន់ បានរេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅបុកខឿនធនាគារABAពេញទំហឹង រួចបន្តទៅបោកផ្ទប់និងដើមក្ងោក ធ្វើឲ្យរថយន្តវិលជាច្រើនជុំត្រឡប់ក្រោយប្រមាណជា៤០ម៉ែត្រ រងរបួសធ្ងន់តៃកុង និងអ្នកដំណើររងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តខូចខាតមួយចំហៀងខាងឆ្វេងស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ធ្វើការពិនិត្យនៅនឹងកន្លែងកើតហេតុ ដោយមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ទើបសមត្ថកិច្ចប្រគល់រថយន្តជូនម្ចាស់យកទៅជួសជុសដោយខ្កួនឯង៕

មតិយោបល់