ព័ត៌មានជាតិ

ស្នងការខេត្តសៀមរាប ប្រជុំដាក់វិធានការ ដើម្បីពង្រឹងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត

សៀមរាបៈ ពិធីប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត បានប្រជុំដាក់វិធានការមួយចំនួន ដើម្បីពង្រឹងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ឲ្យមានលក្ខណៈកាន់តែប្រសើរឡើងថែមទៀត ។

ពិធីនេះ រៀបចំនៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត មានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោក លោកស្រីប្រធានការិយាល័យ លោកអធិការ អធិការរងក្រុង-ស្រុកទាំង១២ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០។

លោកវរសេនីយ៍ឯក ឈួន រួន នាយរងសេនាធិការដ្ឋាន បានឡើងអានរបាយការណ៍បូកសរុប លទ្ធផលកិច្ចប្រតិបត្តិការរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំឆមាសទី១ ឆ្នាំ២០១៦ទាំងស្រុងជូនអង្គពិធីទាំងមូល ក្នុងនោះលោកអធិការនគរបាលក្រុង-ស្រុកបានឡើងរាយការពីលទ្ធផល នៃកិច្ចប្រតិបត្តិការដែលបានអនុវត្តន៍កន្លងមកជូនលោកឧត្តមសេនីយ៍ស្នងការ រួមទាំងសមាជិក សមាជិកានៃអង្គពិធីផងដែរ។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តបានអញ្ជើញឡើងមានមតិសំណេះសំណាលជាមួយកងកម្លាំងនគរបាលនៅក្រោមឱវាទ និងដាក់ចេញនូវផែនការទិសដៅសំខាន់ៗដល់កងកម្លាំងនគរបាលទាំងអស់ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាបមានដូចខាងក្រោម៖

-បន្តនិងជំរុញការងារពង្រឹងប៉ុស្តិ៍នគរបាលឲ្យមានការប្រែប្រួលទូទាំងខេត្ត ជំរុញការគ្រប់គ្រងរដ្ឋបាល ចំហ ឲ្យបានខ្លាំងក្លាដើម្បីធានាបានសន្តិសុខ នៅមូលដ្ឋាន ដោយអនុវត្តន៍ផែនការយុទ្ធសាស្ត្រ ស្តីពីការចាត់តាំងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប។

-ពង្រឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អ ដើម្បីឲ្យពួកគាត់មានជំនឿ និងមានការទុកចិត្តមកលើ កងកម្លាំងនគរបាលយើង។

-ត្រូវចាត់វិធានការបើកកិច្ចប្រតិបត្តិការបង្ការ បង្ក្រាបទប់ស្កាត់រាល់ បទល្មើសគ្រប់ប្រភេទឲ្យបានព្រមៗគ្នាដូច បទល្មើសព្រហ្មទណ្ឌ បទល្មើសផ្លូវភេទ ការជួញដូរស្ត្រី និងកុមារ, ការជួញដូរ-ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់, បង្ក្រាបក្រុមក្មេងទំនើង និងល្បែងស៊ីសង, បន្តការអនុវត្តន៍ដីការចាប់ខ្លួនដែលនៅសេសសល់នៅក្នុងភូមិសាស្ត្រខេត្ត។

-ត្រួតពិនិត្យការចុះបញ្ជីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋស្នាក់នៅបណ្ដោះអាសន្នក្នុងក្រុងសៀមរាប តាមតំបន់ស្មុគស្មាញ និងតាមបណ្ដាស្រុក និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។

-ពង្រឹងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តឲ្យបានល្អប្រសើរ ដូចជាសណ្ដាប់ធ្នាប់អ្នកលក់ដូរតាមដងផ្លូវ, ទីប្រជុំជនសំខាន់ៗ, សណ្ដាប់ធ្នាប់កំពង់ផែរ និងសណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវសាធារណៈក្នុងខេត្ត។

-បង្កើនកិច្ចប្រតិបត្តិការល្បាត ពួនស្ទាក់ ២៤ម៉ោង លើ២៤ម៉ោង និងត្រៀមកម្លាំងអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។

-បង្កើនការសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ និងចូលរួមសហកាល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងប្រមូលផ្ដុំកម្លាំង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចូលរួមការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ-អន្តរជាតិ ភ្ញៀវទេសចរណ៍ដែលមកទស្សនកិច្ច និងស្នាក់នៅក្នុងខេត្តឲ្យបានល្អប្រសើរទ្វេឡើងថែមទៀត៕

13335979_276244319393881_5844216125074310370_n13336142_276244432727203_5241924331981654705_n13346695_276244312727215_744042205263870379_n13407294_276244342727212_6180429015388116289_n13413164_276244449393868_2372812717261793258_n

មតិយោបល់