ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកបន្តគ្នា បណ្តាលឲ្យបុរសរួមដំណើរម្នាក់រងរបួសធ្ងន់ នៅស្រុកពញាឮ

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត៣គ្រឿងបុកបន្តគ្នា បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅវេលាម៉ោង ០២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះ គីឡូម៉ែត្រ២៤-២៥ ចំណុចភូមិ ព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

មន្រ្តីនគរបាលស្រុកពញាឮ បានឲ្យដឹងថា នៅវេលាម៉ោងថ្ងៃខែឆ្នាំ កើតហេតុខាងលើ មានរថយន្តដឹកទឹកកកមួយគ្រឿងម៉ាក HYUNDAY ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-0707 ធ្វើដំណើរពីត្បូងទៅជើង (ភ្នំពេញ-បាត់ដំបង) មកដល់ចំណុចកើតហេតុ រថយន្តក៏បានរ៉េចង្កូត បុករះសំយ៉ាបផ្ទះរបស់ឈ្មោះ សេង វាសនា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅ (ភូមិ-ឃុំកើតហេតុ) ហើយក៏ជ្រុលចង្កូតទៅ បុកពីក្រោយរថយន្តមួយគ្រឿង ដែលចតនៅលើចិញ្ចើមផ្លូវទិសដៅពីត្បូងទៅជើង ម៉ាកHYUNDAY ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-4496 រួចរថយន្ត HYUNDAY បានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀត ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9634 ដែលចតនៅពីមុខ បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ រថយន្តទាំងពីរ ជាកម្មសិទ្ធិរបស់ឈ្មោះ លី ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល។ ករណីនេះ បានបណ្ដាលឲ្យរងរបួស(ធ្ងន់)អ្នករួមដំណើរ ក្នុងរថយន្តដឹកទឹកកក ឈ្មោះ សាន្ត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកពញាឮ។ ចំណែកអ្នក បើកបររថយន្តដឹកទឹកកក មិនទាន់ស្គាល់អត្តសញ្ញាណទេ (រត់គេចខ្លួន)។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះដល់ កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុវាស់វែង រួចយកមធ្យោបាយពាក់ព័ន្ធ មករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់