ព័ត៌មានជាតិ

ជនប្រើសារធាតុញៀនលើសកម្រិតម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប៉ុនប៉ងឃាតក​ម្ម

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ៥រោច ខែ ជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២២ មានករណីប៉ុនប៉ងឃាតកម្ម ចំណុចផ្ទះជនសង្ស័យភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ អែល ការីម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដមានទីលំនៅសព្វថ្ងៃ ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

វត្តុតាងចាប់យក៖ កាំបិតចុងស្រួច ដងធ្វើអំពីឈើ ចំនួន០១ ។

នៅថ្ងៃកើតហេតុម្ដាយជនសង្ស័យ បានទូរស័ព្ទមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ សូមឱ្យជួយអន្តរាគមន៍ ទប់ស្កាត់ជនសង្ស័យ ដែលត្រូវជាកូនបែកថ្នាំញៀន អុកឡុកក្រុមគ្រួសារ និងអ្នកជិតខាង ។ ក្រោយពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍និងកម្លាំងប្រជាការពារ បានចុះទៅដល់ ហើយបានឃើញជនសង្ស័យ កំពុងដេកនៅក្នុងបន្ទប់ក្រោមផ្ទះ ពេលនោះកម្លាំងបានហៅជនសង្ស័យឲ្យបើកទ្វាចេញ តែជនសង្ស័យមិនព្រមចេញ រួចកម្លាំងក៏បានធាក់ទ្វារ តែជនសង្ស័យមិនព្រមបើកទ្វារ ពេលនោះកម្លាំងប្រជាការពារឈ្មោះ សុះ យ៉ាន បានទៅឈរក្បែរទ្វារ ហើយបានស្រែកហៅជនសង្ស័យឲ្យចេញ ចំណែកកម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារមួយចំនួនទៀត បានឈរនៅមុខទ្វារផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យ បើកទ្វារស្ទុះចេញមកដោយកាន់កាំបិតចុងស្រួចនៅនឹងដៃចាក់ទៅលើ កម្លាំងកម្លាំងប្រជាការពារម្នាក់ឈ្មោះ រ៉ូ នីគឹមរី ត្រូវចំក្រោមដងកាំបិតខាងស្ដាំមួយកាំបិត បណ្ដាលឲ្យមានរបួសធ្ងន់ ហើយជនសង្ស័យ ក៏រត់ឡើងទៅលើផ្ទះ ដោយកាន់កាំបិតចុងស្រួចជាប់នឹងដៃ ។

បន្ទាប់មកកម្លាំងអន្តរាគមន៍ស្រុក ក៏ចុះទៅជួយអន្តរាគមន៍ ពេលនោះកម្លាំងស្រុកនឹងប៉ុស្តិ៍ ក៏បានឡើងទៅលើផ្ទះដើម្បីហៅជនសង្ស័យ ភ្លាមនោះស្រាប់តែជនសង្ស័យ ក៏ស្ទុះមកចាប់សមត្ថកិច្ចម្នាក់ឈ្មោះ ឈុន សុផល(មន្ត្រីប៉ុស្ដិ៍) ហើយយកកាំបិត ចុងស្រួច អាក ក្នុងពេលនោះកម្លាំងសមត្ថកិច្ចក៏នាំគ្នាចាប់ជនសង្ស័យ តែជនសង្ស័យបានរើបម្រះរួច ហើយយកកំបិតចុងស្រួច ដេញចាក់សមត្ថកិច្ចថែមទៀត ក្នុងពេលនោះប្រជាពលរដ្ឋឃើញដូច្នេះ ក៏បាននាំគ្នាជួយចាប់និងវាយជនសង្ស័យ បន្ទាប់មកសមត្ថកិច្ចក៏បានយកជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុក ។

ចំណែកជនរងគ្រោះឈ្មោះ ឈុន សុផល និងឈ្មោះ នី គឹមរី ត្រូវបានយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យភ្នំពេញ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់