ភ្នំពេញៈ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន KSO មួយគ្រឿងបោះពួយយ៉ាងលឿន ទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ដែលបត់ឆ្វេងឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងនៅតាមចិញ្ចើមផ្លូវ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងសាលាខណ្ឌសែនសុខប្រមាណ៥០ម៉ែត្រ តាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសវ័យចំណាស់ម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក តូយូតាហ្វត់ធូន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-0989 ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើក៏បានបត់ឆ្វេងឆ្លងផ្លូវ បំណងទៅផ្លូវ១៩៦៦ ខ្វះការប្រុងប្រយ័ត្ន។ ខណៈដែលបើកឆ្លង បានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងទៀតម៉ាក ហ៊ីយុនដាយ ពណ៌សលាយបៃតង ជារថយន្ត៤២កៅអីរបស់ក្រុមហ៊ុន KSO ដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ3C-1886 បើកបរដោយបុរសម្នាក់ និងព្រូម្នាក់ តាមបណ្ដោយផ្លូវហាណូយ មានទិសដៅបញ្រ្ចាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុករថយន្តខាងលើចំផ្នែកខាងក្រោយចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តហ្វត់ធូន័រ រេចង្កូតទៅខាងស្តាំជ្រុលទៅបុកបង្គោលភ្លើងមួយដើម ដែលនៅលើចិញ្ចើមផ្លូវ ត្រង់ចំណុចខាងកើត បណ្ដាលឲ្យរថយន្តហ្វត់ធូន័ររងការខូចខាតក្រពឹតផ្នែកខាងមុខ និងចំហៀងខាងឆ្វេងផ្នែកខាងក្រោយយ៉ាងដំណំ។ ចំណែកឯរថយន្តក្រុងបង្ករងការខូចខាតបែកកាងខាងមុខចំហៀងស្តាំ ដោយឡែកបង្គោលភ្លើងមិនត្រូវបានរងការខូចខាតនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូល និងសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលដោះស្រាយគ្នា ប៉ុន្តែដោះស្រាយគ្នាមិនត្រូវ សមត្ថកិច្ចជំនាញក៏ធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕







មតិយោបល់