ព័ត៌មានអន្តរជាតិ

អាវុធនុយក្លេអ៊ែរ ស្ថិតនៅលើតុចរចា អំទ្បុងជំនួបអាហារពេលល្ងាច រវាងលោក ត្រាំ និងលោក គីម

វៀតណាមៈ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបគ្នានៅថ្ងៃពុធទី ២៧ ខែកុម្ភៈនេះ ក្នុងទីក្រុងហាណូយ សម្រាប់កាលបរិច្ឆេទនៃជំនួបកំពូលលើកទី២ ហាក់មើលទៅដូចជាមិនទំនងនៅក្នុងន័យមិត្ដភាពទេ ខណៈដែលប្រធានាធិបតីអាមេរិក សង្ឃឹមថា នឹងជំរុញមេដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើង ឱ្យខិតទៅរកកិច្ចព្រមព្រៀងមួយ ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ត្រាំ បានមកដល់វៀតណាម កាលពីល្ងាចថ្ងៃអង្គារ នៅលើយន្តហោះ Air Force One បន្ទាប់ពីហោះហើរចេញទីក្រុងវ៉ាស៊ីនតោន ខណៈដែលលោក គីម បានមកដល់មុនថ្ងៃនៃជំនួប បន្ទាប់ពីការធ្វើដំណើររយៈពេលពីរថ្ងៃកន្លះ ពីក្រុងព្យុងយ៉ាង។

វត្តមាននៃថ្នាក់ដឹកនាំទាំងពីរ គួរឱ្យភ្ញាក់ផ្អើលបំផុត សម្រាប់ផ្នែកការទូតអន្តរជាតិ ដែលត្រូវបានគេទទួលស្វាគមន៍ ដ៏សប្បាយរីករាយពីហ្វូងមនុស្ស រួមជាមួយការគ្រវីទង់ជាតិ នៅទូទាំងរដ្ឋធានីរបស់វៀតណាម។

យ៉ាងណាមិញ ភាគច្រើនៃកាលវិភាគរបស់ពួកគេ ត្រូវបានស្ថិតក្នុងភាពអាថ៌កំបាំង ហើយកិច្ចប្រជុំកំពូលនេះ ត្រូវបានដឹកនាំដោយការចរចាបណ្តោះអាសន្នតិចតួចប៉ុណ្ណោះ ព្រោះការរៀបចំមួយចំនួន ត្រូវបានលុបចោល នៅទីក្រុងហាណូយកាលពីថ្ងៃអង្គារ៕

មតិយោបល់