ព័ត៌មានជាតិ

បើស្រវឹង សូមកុំបើកបរ! រថយន្ត​កូរ៉ូឡា​ បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ ​រងការខូចខាត​

ភ្នំពេញ: បុរសម្នាក់​ស្រវឹង​ធ្លាក់ភ្នែក​ បានបើក​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​ ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឲ្យ​រថយន្ត​រងការខូចខាត ​ចំណែកអ្នក​បើកគេច​ខ្លួន​​បាត់​ស្រមោល។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលា​ម៉ោង​១២និង​៣០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​២៧​ ខែ​កុម្ភ:​ ឆ្នាំ​២០១៩​ ត្រង់ចំណុច​ស្តុប​ជាប់ខាងត្បូង​កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៨៩​ ក្នុងសង្កាត់​បឹងកក់​ទី​១​ ខណ្ឌ​ទួលគោក​។

តាមប្រភពព័ត៌មានពីកន្លែង ​បាន​ឲ្យដឹងថា ​នៅ​មុន​ពេល​កើត​ហេតុ​ គេឃើញ​បុរស​ម្នាក់​ បានបើករថយន្ត​មួយ​គ្រឿង​ ម៉ាក​កូរ៉ូឡា​ ៩៥​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2E-2255​ ដោយអ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជាំ​ បានធ្វើដំណើរតាម​បណ្តោយ​ផ្លូវ​២៨៩ ពីជើងទៅ​ត្បូង​ និងក្នុង​ល្បឿន​យ៉ាង​លឿន​។

មកដល់​ចំណុច​កើតហេតុ​ ស្រាប់​តែរថយន្ត​ខាងលើ​ បានរេចង្កូត​ជ្រុល​ទៅ​បុក​និង​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ ចំពាក់កណ្តាល​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ រងការខូចខាត​បែក​បាក់​បន្តិចបន្តួច​។ ចំណែករថយន្ត​បង្ក​រងការខូចខាត​ក្រពឹតផ្នែកខាងមុខ​យ៉ាង​ដំណំ​ទៅ​មុខ​លែង​រួច​ ដោយ​ឡែក​អ្នក​បើកបរ​ បានចុះ​រត់គេចខ្លួនចេញពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​ សន្សល់​ទុក​តែ​រថយន្ត នៅ​និង​កន្លែង​កើត​ហេតុ​​។

ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋានបាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ ហើយ​​ទាក់​ទង​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​ និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​៕​

មតិយោបល់