ព័ត៌មានជាតិ

យប់មិញ! ​បុរស​វ័យ​៦​៦​ឆ្នាំ​ម្នាក់ ​បើក​រថយន្ដ​ធុន​ធំ​ រេចង្កូត​បុក​រថយន្ត​​ ​៣គ្រឿង​ របួសយ៉ាងដំណំ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: កាលពី​វេលា​ម៉ោងប្រមាណ ៧ និង៤០​នាទី​យប់​ថ្ងៃទី​២៦ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ បាន​រ៉េ​ចង្កូត​មក​ខាង​ឆ្វេងដៃ​ បុករថយន្ត​បញ្ច្រាស​ទិស​គ្នា​អស់​៣​ទៀត​ នៅ​ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៦០-១៦១ ស្ថិតក្នុង​ឃុំ​តានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្ត​បង្ក​ម៉ាក ASIA GRANTO ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0369 ធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ​ អ្នក​បើកបរ​ ឈ្មោះ ប៉ែន ផាន ភេទប្រុស អាយុ ៦៦ឆ្នាំ មានទីលំនៅភូមិព្រែកក្តី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច បាន​ឲ្យដឹង​ថា រថយន្ត​ធុន​ធំ អំទ្បុងពេល​កំពុង​ធ្វើ​ដំណើរ​ ស្រាប់តែ​រេចង្កូត​មកខាងឆ្វេង ទៅ​បុក​រថយន្ត ២ គ្រឿង ដែលមានទិសដៅផ្ទុយ​គ្នា​៖ ១. ម៉ាក HYUNDAI ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-1992 បើកបរដោយឈ្មោះ ប៉ែត ម៉ាច ភេទប្រុស អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ​ភូមិក្រាំងស្បូវ ឃុំមហាឬស្សី ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ​ និង២. ម៉ាក NISSAN ពណ៌ស-ខៀវ ស្លាកលេខចង្កូតស្តាំ KPS-2050 បើកបរដោយឈ្មោះ គុណ ជីតា ភេទប្រុស អាយុ ២៧ឆ្នាំ មានលំនៅ​ឋាន​ ភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ ។ បន្ទាប់​មក​រថយន្ដ​ធុន​ធំ​​ មិនទាន់​អស់​ល្បឿន​ទេ ក៏បាន​ទៅបុករថយន្ត ១គ្រឿងទៀតម៉ាក DAEWOO ពណ៌ទឹក​ប្រាក់ ស្លាកលេខព្រះសីហនុ 3A-8883 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ អំ ណាត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

ករណីនេះ បណ្ដាលឲ្យឈ្មោះ ប៉ែត ម៉ាច អ្នកបើកបរថយន្ត HYUNDAI (ភ្នំពេញ 3C-1992 ) រងរបួស ត្រូវបានបញ្ជូនទៅព្យាបាល នៅគ្លីនិចឯកជនលិគឹមឌីវាលរេញ។

ចំណែកវត្ថុតាងរថយន្ត​ទាំង ៤គ្រឿង​ សមត្ថកិច្ច​បាន​យកមករក្សាទុក នៅអធិការ​ដ្ឋាន​នគរបាលស្រុកព្រៃនប់ ដើម្បី​រងចាំដោះស្រាយតាម​នីតិវិធី​ពេលក្រោយ៕

មតិយោបល់