ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថានប្តេជ្ញាឆ្លើយតប ចំពោះការវាយប្រហារតាមអាកាសរបស់ឥណ្ឌា

ប៉ាគីស្ថានៈ រដ្ឋាភិបាលក្រុងអ៊ីស្លាមម៉ាបាដ បាននិយាយថា ខ្លួននឹងឆ្លើយតប តាមពេលវេលា និងទីកន្លែងនៃការជ្រើសរើសរបស់ខ្លួន បន្ទាប់ពីឥណ្ឌា បានធ្វើការវាយប្រហារដែនអាកាស ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ នៅក្នុងទឹកដីប៉ាគីស្ថាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ដោយប្រទេសឥណ្ឌា បាននិយាយថា ពួកគេបានសម្លាប់ពួកសកម្មប្រយុទ្ធមួយចំនួនធំ ខណៈដែលប៉ាគីស្ថាន បានហៅការអះអាងនេះថា ជាសកម្មភាពបង្កហេតុ។

ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ ដែលមានអាវុធនុយក្លេអ៊ែរកម្រិតខ្ពស់ បានកើតទ្បើងបន្ទាប់ពីមានការវាយប្រហារ ទៅលើកងទ័ពឥណ្ឌា នៅតំបន់កាស្មៀ។

ការវាយប្រហារនេះ ត្រូវបានអះអាងទទួលខុសត្រូវ ដោយក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammad (JeM) នៅក្នុងប្រទេសប៉ាគីស្ថាន ដែលធ្វើឲ្យឥណ្ឌា បានប្តេជ្ញាសងសឹកវិញ។

សូមជំរាបថា ប្រទេសឥណ្ឌា បានចោទប្រកាន់ប្រទេសប៉ាគីស្ថានថា បានអនុញ្ញាតឱ្យក្រុមសកម្មប្រយុទ្ធ ធ្វើប្រតិបត្តិការនៅលើទឹកដីរបស់ខ្លួន ប៉ុន្តែប៉ាគីស្ថាន ក៏បានច្រានចោលការអះអាងនេះផងដែរ៕

មតិយោបល់