ព័ត៌មានជាតិ

យុវជនអំពាវនាវឲ្យចូលរួមសម្អាតសួនច្បារ និងទីសាធារណៈ ដើម្បីសុខមាលភាព និងសង្គម

ភ្នំពេញៈ យុវជន-យុវនារីមួយក្រុមបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមឲ្យបានទាំងអស់គ្នា ក្នុងការថែរក្សា និងការពារបរិស្ថានសោភ័ណ្ឌភាពទីក្រុង ខណៈកម្ពុជា ស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍មានទាំងសំណងអគារតូចធំ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធនធានមនុស្ស ដើម្បីសុខមាលភាព និងសង្គម។ ទន្ទឹមនឹងការអភិវឌ្ឍន៍នេះ ផលប៉ះពាល់ពីកត្តាមនុស្សជាច្រើនកំពុងកើតមានឡើង ដូចជា បញ្ហាសំរាមមួយផ្នែកធំនៅក្នុងទីក្រុងភ្នំពេញ មានថង់ប្លាស្ទិក ដបជ័រ និងចានស្នោរជាដើម ដែលសុទ្ធសឹងជាបញ្ហាចម្បងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ទាំងកំពុងប្រើប្រាស់ និងបន្ទាប់ពីប្រើប្រាស់។

ក្រុមយុវជនយុវនារីដែលបានចូលរួមក្នុងកម្មវិធី «សូមនាំគ្នាសម្អាតទីក្រុង ដើម្បីសុខភាពលោកអ្នក ឬ Clean up activity for your health» នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានអះអាងថា ថង់ប្លាស្ទិក ប្រអប់ជ័រ ដបជ័រ ទុយោជ័រ និងចានស្នោរ។ល។ កំពុងទទួលបានការពេញនិយមពីអ្នកប្រើប្រាស់ ប៉ុន្តែមានអ្នកប្រើប្រាស់តិចណាស់បានដឹងថា ការប្រើប្រាស់ផលិតផលអំពីជ័រទាំងនេះ បង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្សយ៉ាងខ្លាំង។

កញ្ញា ជ្រុន វិជ្ជរ៉ា ជាបុគ្គលិកអង្គការឥន្ទ្រីប៉ៃតង ដែលបានចូលរួមរើសសំរាមនៅព្រឹកនេះ បានឲ្យដឹងថា ដោយសាររាជធានីភ្នំពេញ មានទំហំធំ ដូច្នេះអាជ្ញាធរអាចមានភាពចន្លោះប្រហោងក្នុងការសម្អាត និងថែរក្សាបរិស្ថានក្នុងទីក្រុង អញ្ចឹងហើយទើបពួកគាត់ជាយុវជនចូលរួមរើសសំរាមសម្អាតសួនច្បារ និងដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងបរិស្ថានក្នុងក្រុង។ កញ្ញាបន្តថា នេះជាទឹកចិត្តរបស់យុវជនដែលចង់ឲ្យទីក្រុង និងសង្គមកម្ពុជា មានសម្រស់ស្រស់ស្អាត គ្មានថង់ប្លាស្ទិក និងសំរាម ដែលអាចបង្កជាបញ្ហាបណ្ដាលឲ្យស្ទះលូនៅពេលភ្លៀងធ្លាក់ម្ដងៗ។ កញ្ជា វិជ្ជារ៉ា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានទាំងអស់គ្នា ក្នុងការសម្អាតបរិស្ថានសង្គម ជាពិសេសពលរដ្ឋគួរភ្ញាក់រឭកសម្អាតតាមផ្ទះ តាមភូមិមូលដ្ឋានរបស់ខ្លួន ដើម្បីសុខភាពសង្គមគ្រួសារផ្ទាល់តែម្ដង។

លោក អៀង សុធារ៉ា នាយកគ្រប់គ្រង Bellevue អាផាមិន ឲ្យដឹងថា បញ្ហាសំរាម គឺជារឿងមួយដ៏សំខាន់ចាំបាច់នៅក្នុងពេលបច្ចុប្បន្ន ដែលមនុស្សគ្រប់គ្នាត្រូវតែយកចិត្តទុកដាក់ ដើម្បីការពារបរិស្ថានដែលយើងត្រូវរស់នៅជាមួយជារៀងរាល់ថ្ងៃ។ សំរាមមិនត្រឹមតែប៉ះពាល់ដល់បរិស្ថាននោះទេ ប៉ុន្តែសំរាមក៏បានប៉ះពាល់ដល់ការរីកលូតលាស់របស់សត្វ រុក្ខជាតិ និងជីវៈចម្រុះទាំងលើគោក និងក្នុងទឹកផងដែរ។

ជាមួយគ្នានេះ នាយកគ្រប់គ្រងមន្ទីរពេទ្យជប៉ុនសានរាយ លោកវេជ្ជបណ្ឌិត ហាយាស៊ី យ៉ូស៊ីហ្វឺមី ឲ្យដឹងដែរថា ការប្រើប្រាស់ថង់ប្លាស្ទិក ដបជ័រ កំប៉ុងជ័រ ប្រអប់ និងចានស្នោរជាមួយនឹងអាហារក្ដៅ គឺពិតជាប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ហើយរហូតបណ្ដាលឲ្យកើតមានជំងឺមហារីកនៅថ្ងៃអនាគតថែមទៀតផង។ លោកបន្តថា ប្រអប់ស្នោរ ដបជ័រ កំប៉ុងទឹកដោះគោកូនក្មេងមួយចំនួន មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នោះទេ នៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍មួយចំនួន ដូចជាបារាំង កាណាដា និងអាមេរិក ព្រោះថា វត្ថុទាំងអស់នេះ បានផលិតឡើងដោយសារធាតុម្យ៉ាងដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់។

គួរបញ្ជាក់ថា កម្មវិធី «សូមនាំគ្នាសម្អាតទីក្រុង ដើម្បីសុខភាពលោកអ្នក ឬ Clean up activity for your health» នាព្រឹកនេះ បានធ្វើឡើងនៅតំបន់ជ្រោយចង្វាត្រើយខាងកើត ដែលចូលរួមពីអ្នកពាក់ព័ន្ធច្រើនស្ថាប័នប្រមាណ៣០០នាក់ ដើម្បីផ្ដល់ជាចំណេះដឹងដល់ប្រជាពលរដ្ឋបន្ថែមទៀត ទាំងការការពារសុខភាព និងការពារបរិស្ថាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដបជ័រ កំប៉ុងជ័រ ប្រអប់ជ័រ ចានស្នោរ និងផលិតផលប្រើប្រាស់ពីជ័រ។

កម្មវិធីនេះ បង្កើតឡើងដោយមន្ទីរពេទ្យសានរាយស៍ភ្នំពេញ Bellevue អាផាតមិន និងរួមសហការដោយក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័ត Cellcard សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រុមហ៊ុនផលិតផលលាងដៃ Saraya Cambodia ក្រុមហ៊ុនសម្អាត Soken ក្រុមហ៊ុនផ្ទេរប្រាក់វីង គ្លីនិកធ្មេញម៉ាលីស ភោជនីយដ្ឋាន Shishi Bar មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC ក្រុមហ៊ុន Cintri Cambodia និងភោជនីយដ្ឋានជប៉ុន Ramen៕

មតិយោបល់