កំពង់ស្ពីៈ លោក តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺទទួលផែនចរាចរណ៏ បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៨ និង៤៥ នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ មានករណីរថយន្ត១គ្រឿង បើកបុកម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ០២ នាក់។
ហេតុការណ៍នេះ បានកើតទ្បើងនៅផ្លូវជាតិលេខ៤ ចន្លោះគីទ្បូម៉ែត្រលេខ ៣៤-៣៥ ត្រង់ចំណុចភូមិព្រៃសុភី ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រថយន្តបង្កមិនស្គាល់ម៉ាក និងអ្នកបើកបរក៏មិនស្គាល់អត្តសញ្ញាណដែរ ដោយបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CS-4804 ជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូពីក្រោយស្លាប់ នៅនឹងកន្លែង រួចបើកគេចខ្លួនបាត់ រីឯអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្ភពថ្នល់ទទឹង។
ជនរងគ្រោះជាអ្នកបើកបរម៉ូតូ ឈ្មោះ សុខ ស៊ីណាត ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានអ្នករួមដំណើរជាមួយម្នាក់ មិនទាន់ស្គាល់ឈ្មោះ និងទីលំនៅនោះទេ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុម៉ូតូរងការខូចខាតកម្រិតធ្ងន់ ចំណែកវត្ថុតាងវិញ ត្រូវបានយកមករក្សាទុក នៅអធិ ការដ្ឋាននគរបាលស្រុកសំរោងទង៕
មតិយោបល់