ព័ត៌មានជាតិ

មេបោក បុរសម្នាក់តាំងខ្លួនជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ Metfone ដើរបោកអាជីវករលក់ទូរស័ព្ទ ប្រមូលបានប្រាក់មួយចំនួនធំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

កណ្តាល: កាលពីវេលាម៉ោង ២ និង១៥នាទីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ច ឃាត់បុរសម្នាក់ តាំងខ្លួនជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ Metfone ដើរបោកប្រាស់អាជីវករលក់ទូរស័ព្ទ ប្រមូលបានប្រាក់មួយនចំនួនធំ នៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន ០៣នាក់៖ ទី១- ឈ្មោះស៊ិន ចន្ថន ភេទប្រុស ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ អស់ប្រាក់ (៥៤៨ដុល្លារ) ទី២- ឈ្មោះ សៀក ប៉េងគន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង អស់ប្រាក់ (៩៣០ដុល្លា) និង៣- ឈ្មោះ ហេង ម៉េងលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង អស់ប្រាក់ (៥០៨ដុល្លា)។

ជនសង្ស័យ ឈ្មោះ ជួន ខាត់ណា ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្រម៉ ឃុំព្រៃខ្លា ស្រុកកអណ្ដែត ខេត្តតាកែវ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ មានឈ្មោះជួន ខាត់ណា តាំងខ្លួនថា ជាបុគ្គលិកក្រុមហ៊ុន Metfone បានដើរប្រាប់អាជីវករលក់ទូរស័ព្ទថា៖ ក្រុមហ៊ុនឲ្យជួយប្រមូលកាតទូរស័ព្ទ និងទូរស័ព្ទ ពីអាជីវករ ដើម្បីយកទៅជួយផ្សព្វផ្សាយលក់ជូន សរុបទឹកប្រាក់ចំនួន ៣០០៨$ ស្រាប់តែឈ្មោះនេះ យកបានកាត និងទូរស័ព្ទហើយ គេចខ្លួនបាត់ មិនព្រមសងលុយទៅអាជីវករវិញឡើយ ។ លុះនៅថ្ងៃកើតហេតុនេះ ទើបក្រុមអាជីវករ បានដឹងទាន់ពេល ក៏ដេញតាម ហើយប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

សូមបញ្ជាក់ថា៖ នៅមានអាជីវករមួយចំនួនទៀត ដែលចាញ់បោកជននេះ ហើយមិនទាន់មកប្ដឹងសមត្ថកិច្ចនៅឡើយ។
ករណីនេះ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់