កោះកុងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តកោះកុង ដោយមានការចូលរួមសហការពីសមត្ថកិច្ចចម្រុះ និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពី គុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើតេស្តបឋមលើ បន្លែ ផ្លែឈើ សរសៃគុយទាវ ប្រហិត គ្រឿងសមុទ្រ ងៀតបបែល និងងៀតសាច់ត្រីឆ្លាម ក្នុងផ្សារដងទង់ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញងៀតបបែល និងងៀតសាច់ត្រីឆ្លាម ចំនួន ៤ គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីកម្ទេចចោលនៅពេលក្រោយ និងឱ្យម្ចាស់ទំនិញខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការលក់ក្នុងរូបភាពណាមិនប្រក្រតីបន្តទៀត។
បន្ទាប់មក មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់