ភ្នំពេញៈ យុវជនម្នាក់ កំពុងជិះម៉ូតូ Nex មួយគ្រឿង តែម្នាក់ឯង ត្រូវក្រុមជនស៊ីវិល មានគ្នាជាច្រើននាក់ អះអាងថា ជាសមត្ថកិច្ច ហើយបានឃាត់ឲ្យឈប់ និងឆែកឆែរតែមិនឃើញមានអ្វីទេ រួចគំរាមយកទៅខណ្ឌពិនិត្យមើលទឹកនោម ក៏ត្រូវយុវជនរងគ្រោះស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ស្រាប់តែក្រុមជនស៊ីវិលនោះ អូសក្រឡាដកខ្លួនគេចចេញ ទៅបាត់ម្ដងម្នាក់ៗ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ព្រំប្រទល់ខណ្ឌទួលគោក និងខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមសម្ដីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ មេរបស់គាត់ បានទូរស័ព្ទហៅទៅផឹក ហើយគាត់ក៏បានជិះម៉ូតូ Nex មួយគ្រឿង តែម្នាក់ឯង ពីម្ដុំផ្សារថ្មីធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច។
មកដល់ចំណុចហួសស្តុបសួរច្បារក្ដាន់២ ស្រាប់តែមានជនស៊ីវិលមួយក្រុមមានគ្នាជាច្រើននាក់ បានអះអាងថា ពួកគេជាសមត្ថកិច្ច តែមិនដឹងថា ជាសមត្ថកិច្ចខាងណាទេ បានជិះប្រដេញតាមពីក្រោយ មកស្ទាក់ឃាត់គាត់ឲ្យឈប់ម៉ូតូ ដើម្បីឆែកមើលខ្លួនប្រាណ តែមិនឃើញមានអ្វីទេ បែរជាសំឡុតគំរាមគាត់ថា យកទៅខណ្ឌពិនិត្យមើលទឹកនោម ទើបរូបគាត់ស្រែកឡាំប៉ាថា តើគាត់ខុសអ្វីបានជាមកឆែកឆេរ ហើយចង់នាំយកទៅខណ្ឌពិនិត្យទឹកនោមទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ក្រុមអ្នកសារព័ត៌មាន ចុះទៅកន្លែងកើតហេតុ ផ្ដិតយករូបភាព និងធ្វើការផ្សាយផ្ទាល់ សាកសួរដំណើររឿងហេតុ ។
គ្រាន់តែឃើញក្រុមអ្នកសារព័ត៌មាន ចុះមកផ្សាយផ្ទាល់ភ្លាមនោះ ស្រាប់តែក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិល មិនដឹងមកពីខាងណានោះ បានគេចចេញទៅបាត់តែម្ដង៕




មតិយោបល់