ព័ត៌មានជាតិ

លោកស្នងការខេត្តព្រៃវែង៖ លោកអធិការ អធិការរង ត្រូវឆ្លើយតបព័ត៌មានតាម Facebook ឲ្យទាន់ពេល ត្រូវផ្លាស់ប្តូរឥរិយាបថ..

ព្រៃវែងៈ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រៃវែង បានក្រើនរំឭកដល់មន្រ្តីនគរបាលនៅក្នុងខេត្តព្រៃវែង ឲ្យប្រកាន់យកឥរិយាបថសុភាពរាបសា និងត្រូវយកចិត្តទុក​ដាក់បម្រើប្រជាពលរដ្ឋ។ ការក្រើនរំឭករបស់លោកស្នងការ បានធ្វើឡើង ក្នុងពេលចុះជួបសំណេះសំណាល ពង្រឹងការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ដល់មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមជរ នាព្រឹកថ្ងៃទី សុក្រ ១០ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៩

លោកឧត្តនសេនីយ៍ស្នងការបានក្រើន រំឭកថា មន្រ្តីនគរបាល ត្រូវផ្លាស់ប្តូរឥរិយាបថ ហើយរក្សាភាពថ្លៃថ្នូរ សុភាពរាបសា ជាពិសេសត្រូវយកចិត្តទុកដាក់ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន។ លោកស្នងការ ក៏បានជំរុញឲ្យមន្រ្តីនគរបាលធ្វើបច្ចុប្បន្នភាព ជូនប្រជាពលរដ្ឋដែលមាន និងគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដើម្បីយកទៅផ្ទៀងផ្ទាត់ និង បន្តជំរុញចុះថតផ្តល់​អត្តសញ្ញាណប័ណ្ណឲ្យ​បានឆាប់រហ័ស។

ដោយបញ្ជាក់ពីការបែងចែកកម្លាំងប៉ុស្តិ៍ ឲ្យចុះទទួលខុសត្រូវតាមភូមិ ដោយក្នុង ១ភូមិ ត្រូវមានសៀវភៅ ២ក្បាល (១ក្បាលសម្រាប់គ្រប់​គ្រងមុខសញ្ញា​គ្រប់ប្រភេទ និង ១ក្បាលទៀត សម្រាប់គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ)។

ក្នុងនោះលោកឧត្តមសេនីយ៍ ស្នងការ ក៏បានជំរុញនគរបាលឲ្យយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសបំផុសឲ្យមានចលនាប្រជាការពារ និងឲ្យប្រជាពលរដ្ឋចូល​រួមរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អ តាមមូលដ្ឋានរបស់ខ្លួ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ បានជំរុញឲ្យលោកអធិការ អធិការរងទទួលការសន្តិសុខ ត្រូវក្តាប់ឲ្យបាននូវរាល់ព័ត៌មាន តាមសង្គម facebook និងព័ត៌មាននានា ដើម្បីធ្វើការឆ្លើយតបឲ្យបានទាន់ពេវេលា៕

មតិយោបល់