កណ្ដាលៈ មន្ត្រីនគរបាលម្នាក់ជិះម៉ូតូសុខៗ ក៏ចាំងភ្លើងរថយន្តនៅខាងមុខ មើលមិនឃើញ បានប៉ះដៃចង្កូតជាមួយអ្នកថ្មើរជើងម្នាក់ កំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៨ និង៣០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរប៉ូលិស តួនាទីអធិការរងទទួលផែនសន្តិសុខ នៃអធិដ្ឋាននគរបាលស្រុកកោះធំ មានទីលំនៅភូមិពោធិរាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល បើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1E-8885 ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង បន្ទាប់ពីបំពេញបេសកម្មចប់។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង ធ្វើដំណើរច្រាស់គ្នា ដោយបើកភ្លើងហ្វាកូដ ធ្វើឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូចាំងភ្នែក មើលអ្នកថ្មើរជើងឆ្លងផ្លូវមិនឃើញ ក៏បានប៉ះដៃចង្កូតជាមួយអ្នកថ្មើរជើង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវ រងរបួសធ្ងន់ ។
ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញស្រុក បានចុះដល់កន្លែងកើតហេតុ រួចហៅរថយន្តសាមុយដឹកបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ។ ចំណែកម៉ូតូ ត្រូវបានកម្លាំងជំនាញ ធ្វើការវាស់វែង និងដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
មូលហេតុ៖ បង្កឡើងដោយអ្នកថ្មើរជើង ដើរឆ្លងផ្លូវ មិនមើលឆ្វេងស្តាំ មិនគោរពសិទ្ធិអាទិភាព ហើយអ្នកបើកបរម៉ូតូ ចាំងភ្លើងរថយន្តមើលមិនឃើញផ្លូវ បណ្ដាលឲ្យដួលម៉ូតូរងរបួសតែម្ដង៕
មតិយោបល់