ព័ត៌មានជាតិ

សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! បុរសម្នាក់ញៀនថ្នាំដល់កម្រិត បង្កហឹង្សាក្នុងគ្រួសារវាយប្អូនប្រុសបែកក្បាលឈាមកក្លាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ: ឥទ្ធិពលនៃគ្រឿងញៀនចូលខ្លួន ដល់កម្រិតរហូតដល់ប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ គំរាមឪពុកម្តាយ វាយប្អូនប្រុសបង្កើតបែករយ:ក្បាល ហូរឈាមកក្លាក់ ទ្រាំលែងបានក្រុមគ្រួសារប្តឹងប៉ូលិសចាប់ខ្លួន កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះល្វែង បុរីសុខសាន្ត ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនបង្កឈ្មោះ ញឹប សុផាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ កំលោះចាស់ មុខរបរមិនពិតប្រាកដ ជាមនុស្សប្រើប្រាស់គ្រឿងញៀន ធ្លាប់ចាប់ខ្លួន អប់រំនៅមណ្ឌលបន្សាបគ្រឿងញៀន វិលមកវិញញៀនថ្នាំដដែល រស់នៅផ្ទះកើតហេតុ ។ ចំណែកប្អូនប្រុសបង្កើត រងរបួសបែករយ:ក្បាល ឈ្មោះ
ញឹប វិបុល អាយុ២៤ឆ្នាំ មុខរបរ ជាងធ្វើសោ មានទីលំនៅផ្ទះកើតហេតុ ជុំគ្នាជាមួយក្រុមគ្រួសារ ឪពុកម្តាយ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនដៃដល់ ខាងលើ ប្រើប្រាស់គ្រឿងញៀន ច្រើនឆ្នាំមកហើយ កន្លងមក ធ្លាប់ចាប់ចូលមណ្ឌលបន្សាបគ្រឿងញៀន តែដល់ចេញមកវិញ នៅបន្តប្រព្រឹត្តញៀនលើសដើម អុកឡុក បង្កហឹង្សា បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងគ្រួសារ គំរាម ឪពុកម្តាយ ដោយសារឥទ្ធិពលនៃគ្រឿងញៀន លុះមកដល់ព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩នេះ ជនសង្ស័យ គ្រាន់តែភ្ញាក់ពីដំណេក ស្រែកឡូឡា រករឿង អុកឡុកក្នុងគ្រួសារ ប្អូនប្រុសរងគ្រោះឃើញដូច្នោះ ឃាត់ ត្រូវបានជនសង្ស័យ ប្រដាប់ដោយកាំបិត ដេញកាប់ តែរត់រួច តាមវាយទៅលើប្អូនប្រុស ថែមនិងយកចាន មកគប់លើប្អូនប្រុស បែកក្បាលហូរឈាមកក្លាក់ ទើបក្រុមគ្រួសារ ឆោឡោ នាំគ្នាចាប់ឃាត់ចងជាប់ ប្តឹងប៉ូលិសជួយអន្តរាគមន៍ ចាប់នាំខ្លួនយកទៅប៉ុស្តិ៍ ។

តាមជនរងគ្រោះ ត្រូវជាប្អូនបង្កើត ក៏ដូចជាឪពុកម្តាយ ក្រោយកើតហេតុលើកនេះ បានប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់ និងប្តឹងកាត់កាលជនបង្ក ជាកូន ជាបងផងដោយសារការប្រព្រឹត្តមិនរាងចាល ។

ផ្អែកតាមបណ្តឹងក្រុមគ្រួសារ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់