ភ្នំពេញៈ សពយុវជនម្នាក់ត្រូវបានក្រុមគ្រួសាររកឃើញហើយស្រង់យកមកលើគោក បន្ទាប់ពីយុវជនរូបនោះគិតខ្លីបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនដោយសារបងប្អូនស្តីបន្ទោសបន្តិចបន្តួចរឿងដើរលេងច្រើនរកលុយមិនសល់ ។
ហេតុការណ៍ស្រង់សពកាលពីវេលាម៉ោង ១២និង ៤៥ នាទីរសៀលថ្ងៃទី ២ខែមីនាឆ្នាំ ២០១៩នៅក្រោមស្ពានជ្រោយចង្វាប៉ែកខាងកើតភូមិដើមគរសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ពៅ ដាវីនហៅនីត ភេទប្រុសអាយុ ២៣ឆ្នាំរស់នៅភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ មុខរបររត់ម៉ូតូកង់បី ។
បើតាមក្រុមគ្រួសារ ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានផឹកស៊ីជាមួយបងប្អូននៅភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ ហើយត្រូវបានបងប្អូនស្តីបន្ទោសរឿងដើរលេងដាច់យប់ច្រើន រកលុយមិនសល់ ។ ក្រោយមកដោយសារស្រវឹងផង ហើយយុវជនរូបនេះបានគិតច្រើនផងក៏បានជិះម៉ូតូទាំងយប់តែម្តង ដោយមិនដឹងទៅណានោះទេ ។
ប្រភពបន្តថា នៅវេលាយប់នោះជនរងគ្រោះបានទូរស័ព្ទប្រាប់បងប្អូនម្នាក់ទៀតថា យើងលាសិនហើយព្រោះអស់កម្មពៀរនឹងគ្នាហើយៗក៏ផ្តាំឲ្យបងប្អូនមកយកម៉ូតូផងនៅលើស្ពានជ្រោយចង្វារ ។ ដោយសារបងប្អូនមិនចាប់អារម្មណ៍ ស្មាននិយាយលេង រហូតដល់ម៉ោង៥ល្ងាចថ្ងៃទី១មីនាបាត់មិនឃើញតេក៏មិនចូលទើបដឹងផ្អើលឡោមករកចាំមើលសពអណ្តែតទឹក ។ ប្រភពឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២មិនាក្រុមគ្រួសារក៏ជួលគេមុជរាវរហូតដល់ម៉ោងជាង១២ក៏ប្រទះឃើញហើយស្រងមកលើគោក ដឹកយកទៅធ្វើបុណ្យនៅវត្តទួលសង្កែតាមប្រពៃណី ៕
មតិយោបល់