ព័ត៌មានជាតិ

Updateៈ LEXUS RX330 ផ្តាច់ជីវិតមនុស្ស៣នាក់ នៅខណ្ឌដូនពេញ

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយបុរស​ ស្រវឹង​ស្រា​ជោកជាំម្នាក់ ​បើក​រថយន្ត​​លឿន ​ទៅ​បុក​រ៉ឺម៉ក​កង់​បី​​អូស​ជាច្រើនម៉ែត្រ ​បណ្ដាល​ឲ្យ​ជន​ជាតិ​បរទេស​២នាក់​បាន​ស្លាប់​​នៅនឹង​កន្លែង ​ចំណែក​ឯ​អ្នក​បើក​ម៉ូតូរ៉ឺម៉ក​ស្លាប់​ពេល​បញ្ជូន​ ទៅ​កាន់​មន្ទីរពេទ្យ។

ហេតុការណ៍​នេះ ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេម៉ោង​​២និង០០នាទីយប់​ រំលងអាធ្រាត ថ្ងៃ​ទី​២​ ខែ​មីនា ​ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ​កែង​ផ្លូវ​លេខ​១៨៤​​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ​ខណ្ឌ​ដូនពេញ​ ។

តាមមន្រ្តីនគរបាលមូលដ្ឋាន ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង ​ម៉ាក​ LEXUS RX330 ពណ៌​ខ្មៅ​ ពាក់​ស្លាក ​ភ្នំពេញ ​2AX-5853​ បើក​បរ​ដោយ​បុរស​ម្នាក់ ​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​មុខ​កើតហេតុ​ ស្រាប់​តែ​រថយន្ត​រេ​ចង្កូត​ ងាកមក​ខាង​ឆ្វេង​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ចំ​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​​ជនជាតិ​​បរទេស២នាក់​​​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ​ចំណែក​ឯ​អ្នក​បើក​រ៉ឺម៉ក​ស្លាប់ ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត​ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរ ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ជ័យ​ជំនះ​ ដើម្បី​​សាកសួរ​ ។

ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹក​យក​ទៅ​តម្កល់​នៅ​ឯ​វត្ត​ស្ទឹង​មាន​ជ័យ​ ដើម្បី​រង់ចាំសាច់​ញាតិ​មក​ទទួល​យក​ ៕

មតិយោបល់