ព័ត៌មានជាតិ

Updateៈ ម្តាយគ្រាន់តែឃើញសពកូនស្លុតចិត្ត ខណះកូនជាសិស្សសាលា​លង់ទឹកស្លាប់ នៅស្រុកអង្គស្នួល

កណ្តាលៈ សិស្សសាលាម្នាក់បានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ២និង២០នាទី ថ្ងៃ‌ទី០៣ ខែមិនា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកខាងកើតភូមិប្រហែល១០០ម៉ែត្រស្ថិតនៅ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌មានឈ្មោះ ហ៊ាន រូស្សា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ(កូនសិស្ស) ស្ថិតនៅភូមិតាងួន សង្កាត់តាកាប ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

តាមការសួរបំភ្លឺរបស់សាក្សី ឈ្មោះសួស វង្ស ភេទប្រុស អាយុ១៤ឆ្នាំមុខរបរ (កូនសិស្ស)ស្ថិតនៅភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះមកលេងអ៊ុំតាំងពីថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ ដែលជួលបន្ទប់ផ្ទះរបស់ខ្លួននៅ ។ រហូតដល់ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ ប្រហែលម៉ោង ៨និង៣០នាទី ជនរងគ្រោះបានទៅហៅខ្ញុំប្រាប់ថា អ៊ុំស្រី ឲ្យពូឯងទៅជួយបេះត្រកួន នៅប្រឡាយ ខាងជើងផ្ទះមកឲ្យគាត់ ពេលនោះយើងទាំងពីរនាក់ក៏នាំគ្នាបេះត្រកួនមកឲ្យគាត់ហើយ ខ្ញុំដើរ
មកមុជទឹកស្រះខាងកើតភូមិប្រហែល១០០ម៉ែត្រ ពេលនោះជនរងគ្រោះបានដើរតាម ពីក្រោយ មកដល់ស្រះទឹកគាត់ក៏ចុះមុជទឹក ហើយបាន
ប្រាប់ជនរងគ្រោះថា ឯងកុំមុជ ប្រយ័ត្ន លង់ទឹក ព្រោះឯងអត់ចេះហែលទឹកទេ ពេលនោះគាត់ក៏ចុះមុជទឹកទៅ ស្រាប់តែងើបមកវិញអត់ឃើញជនរងគ្រោះ ឃើញតែខោខ្លីនៅមាត់ស្រះ រួចគាត់បានដើរទៅសួរអ៊ុំស្រីជនរងគ្រោះថាមានឃើញ អាស្សា អត់ ពេលនោះក៏នាំ គ្នារត់មកស្រះទឹក ហើយចុះរៀវរកជនរងគ្រោះក្នុងស្រះទឹកនោះ ឪពុកម្តាយបានជួលខាងជំនាញចាមដាក់ម៉ាស៊ីនរុករក បានឃើញជនរងគ្រោះក៏ស្រង់ឡើងមកឃើញថាស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ នឹងឪពុកម្តាយ បងប្អូននៃសព បានធ្វើការពិនិត្យ លើជនរងគ្រោះ ឃើញថាគ្មានស្លាកស្នាមអ្វីទេ។

តាមការសន្និដ្ឋានរបស់ជំនាញនិងលោកគ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារលង់ទឹក។សពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់