ភ្នំពេញៈ បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឈានដល់ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ ខណៈដែលកុមារីចំនួន៥នាក់ ត្រូវបានរកឃើញ និងរំដោះចេញ ។
ប្រតិបត្តិការខាងលើ បានអនុវត្តន៍ឡើងកាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅផ្ទះម៉ាស្សាយ៉ីហោ ស្រីនាង ៨៧១ ស្ថិតនៅផ្ទះល្វែងបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ ក្រោមការសម្របសមរួលពីលោក កែវ សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំ ការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាប់ចាប់ឃាត់ខ្លួនបុរសជនជាតិអាមេរិកខាងលើ មានឈ្មោះ POPE DANNY LEE ហៅ រ៉ានី អាយុ៦០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 546245420 ។
សមត្ថកិច្ចបន្តទៀតថា ក្មេងស្រីចំនួន៥នាក់ ដែលរកឃើញក្នុងនោះក្មេងស្រី៣នាក់ ត្រូវបាននាំទៅសាកសួរ នៅករិយាល័យជួញដូរមនុស្ស រួមជាមួយជនជាតិបរទេសខាងលើផងដែរ ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងផងដែរ ជនបរទេសម្នាក់នេះ មានការពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស និងទិញពេស្យាចារកុមារ ត្រូវបានលោកព្រះរាជអាជ្ញាឯកភាពឲ្យសមត្ថកិច្ច ឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់។ រីឯក្មេងស្រីចំនួន៥នាក់ សមត្ថកិច្ច បានប្រគល់ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕
មតិយោបល់