ព័ត៌មានជាតិ

ចិនទៀតហើយ! បើករថយន្ត​លឿន​ មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បាក់​អស់​បី​កង់

ភ្នំពេញ: បុរស​ជាជនជាតិ​ចិន​ម្នាក់ ​បើករថយន្ត​មួយ​គ្រឿង​ បោះពួយ​យ៉ាង​លឿន​ ខណ:​មក​ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ ក៏ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឲ្យ​រថយន្ត​រងការខូចខាត​ ទៅ​មុខ​លែង​រួច​ កាលពីវេលា​ម៉ោង​២និង៣០នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​០៥​ ខែ​មីនា​ ឆ្នាំ២០១៩​ ត្រង់ចំណុច​ខាងមុខ​ផ្ទះ​សំណាក់​កោះមាស​ តាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុងសង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួល​គោក​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេលកើតហេតុ​ គេឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ តូយូតា​តាកូម៉ា​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AD-3840 ធ្វើដំណើរពី​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ ឆ្ពោះ​ទៅ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​ តាម​បណ្តោយផ្លូវ​២៧១​ ក្នុងល្បឿនយ៉ាងលឿន​។

មកដល់​ចំណុច​កើតហេតុ​ ផ្លូវ​មាន​ស្ថានភាព​កោង​ គួបផ្សំ​នឹង​មាន​ប្រជាពលរដ្ឋ​បាន​ចាក់​ទឹក​សាប៊ូ​បង្ហៀរ​ទៅលើផ្លូវ​ រួម​ទាំង​បើក​បរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ថែមទៀត​នោះ​ ទើប​បណ្ដាល​ឲ្យ​រថយន្ត​ជ្រុល​ចង្កូត​ទៅ​បុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បាក់​អស់​បី​កង់​ ចំណែក​ឯ​រថយន្ត​វិលមួយ​ជុំ​ទៅ​ទទឹង​ផ្លូវ​រងការខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ ​ទៅ​មុខ​លែង​រួច​ ប៉ុន្តែ​មិនបង្ក​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ។

ក្រោយ​ពេលកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ ​ហើយក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ ​មក​ធ្វើការ​វាស់​វែង​ និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​​តាម​ផ្លូវ​ច្បាប់​​ពេល​ក្រោយ​៕​

មតិយោបល់