ព័ត៌មានជាតិ

ស្រវឹង​ធ្លាក់ភ្នែក​ បើក​រថយន្ត​ទៅ​បុក​ពី​ក្រោយ​រថយន្ត​កូរ៉េ​ដឹក​ដូង​ រួចព្យាយាម​បើក​រត់គេចខ្លួន​

ភ្នំពេញ: បុរស​វ័យ​ចំណាស់​ម្នាក់​ ស្រវឹង​ធ្លាក់ភ្នែក​ បានបើក​រថយន្ត​រេចង្កូត​ទៅ​បុក​ពី​ក្រោយ​រថយន្ត​កូរ៉េ​ដឹក​ដូង​មួយ​គ្រឿង​ទៀត ​ដែល​កំពុង​ឈប់​ចត​ទម្លាក់​ដូង​ឲ្យ​ម៉ូយ ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ហើយ​ព្យាយាម​បើក​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ កាល​ពី​វេលាម៉ោង​១០និង៣០នាទី​យប់​ ថ្ងៃ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០១៩​ ត្រង់ចំណុចខាងមុខ​​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​ ក្បែរ​និង​តារាង​បាល់​ទាត់​វេស្ទើន​ តាមបណ្ដោយ​ផ្លូវ​១០០៣​ ស្ថិតក្នុងសង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេលកើតហេតុ​គេឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​ បើក​រថយន្ត​មួយគ្រឿងម៉ាក​ តូយូតា​ព្រូស​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AU-9970​ ធ្វើដំណើរ​​ពីជើងទៅត្បូង​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជាំ​ តាមបណ្ដោយ​ផ្លូវ​១០០៣​ ក្នុងល្បឿនលឿន​។

មកដល់​ចំណុច​កើតហេតុ​រថយន្ត​ខាងលើ​ បាន​រេចង្កូត​ទៅ​ខាង​ស្តាំ​បុកចំពីក្រោយ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ទៀតម៉ាក​ KIA ពណ៌​ខៀវ​ ដឹក​ដូង​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AI-8006 កំពុង​ឈប់​ចត​ទម្លាក់​ផ្លែ​ដូង​នៅ​លើចិញ្ចើម​ផ្លូវ​ត្រង់ចំណុច​ខាងលើ បណ្ដាល​ឲ្យ​បែកចង្កៀង ​និង​ក្រពឹត​ផ្នែក​ខាង​ក្រោយ​ ចំណែក​ឯ​រថយន្ត​បង្ក​ បាន​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ស្តាំ​យ៉ាង​ដំណំ​។

ភ្លាម​ៗនោះ​ រថយន្ត​បង្ក​មិន​បាន​ឈប់​ចុះមក​ធ្វើការ​ដោះស្រាយ​គ្នា​ទេ​ ​បែរជា​ព្យាយាម​បើក​រថយន្ត​គេចចេញពីកន្លែង​កើតហេតុ​ តែ​ក៏​ត្រូវ​បានប្រជា​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ ​បាន​ជួយ​ជិះ​ម៉ូតូ​កង់​បី​ដេញ​ពី​ក្រោយ​រហូត​ដល់ខាង​មុខ​បណ្ណាល័យ​ហ៊ុន​សែន​ តាមបណ្ដោយ​ផ្លូវ​៥៩៨​ ស្ថិតក្នុងសង្កាត់​ទឹក​ថ្លា​ ទើបអាចស្ទាក់ជាប់​។

ក្រោយ​ពេល​កើត​ហេតុ​ សមត្ថកិច្ច​មូល​ដ្ឋាន​ និង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​មក​ដល់​កន្លែង​ ហើយបានឲ្យ​ភាគី​ទាំង​ពីរ​ធ្វើ​ការ​សម្របសម្រួល​​គ្នា​ តែ​ដោយ​ភាគី​ខាង​រថយន្ត​រងគ្រោះ​ មិន​ចង់​មាន​រឿង​រ៉ាវ​វែង​ឆ្ងាយ ​ក៏​ព្រម​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួន​ឯង ​​បញ្ចប់​រឿង​កន្លែងកើតហេតុតែម្ដង៕​

មតិយោបល់