កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សាកសពក្មេងស្រីជាសិស្សសាលា២នាក់ ដែលបានបាត់ខ្លួនដោយសារលង់ទឹក កាលពី២ថ្ងៃមុននៅក្នុងទន្លេរនោះ សាកសពត្រូវបានក្រុមគ្រួសាររកឃើញហើយនៅវេលាម៉ោង២១និង១៥នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដែលករណីលង់ទឹកនោះបានកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣៥នាទី នៅចំណុចមាត់ច្រាំងទន្លេ មេគង្គ មុខវត្តបុទុមគង្គា ហៅវត្តព្រែកដាច់ ស្ថិតនៅក្នុងភូមិ ព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះ០២នាក់៖ ទី១-ឈ្មោះ ប៊ុនធឿន ស្រីល័ក្ខ ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស.និងទី២-ឈ្មោះ វណ្ណះ ស៊ីមាន ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ។ ក្មេងស្រីទាំង០២នាក់ខាងលើ មានទីលំនៅភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុក លើកដែក ខេត្តកណ្ដាល ។
ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ក្មេងស្រីឈ្មោះ កូវឆេង ម៉ូនីកា អាយុ១២ឆ្នាំ មានទីលំនៅ ភូមិ ព្រែកដាច់ ឃុំព្រែកដាច់ ស្រុក លើកដែក (ត្រូវជាមិត្តភក្តិរៀនជាមួយគ្នា) បានអោយដឹងថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០ នាទី ឈ្មោះ ពេជ្រ សុវណ្ណរី បានបបួលខ្លួន និងជនរងគ្រោះ ទាំងពីរនាក់និងឈ្មោះ មកងូតទឹកនៅចំណុចមាត់ទន្លេមុខវត្ត ព្រែកដាច់បន្ទាប់មកឈ្មោះ ពេជ្រ សុវណ្ណរី ; ឈ្មោះ វណ្ណះ ស៊ីមាន ; ឈ្មោះ ប៊ុនធឿន ស្រីល័ក្ខ និងឈ្មោះ កូវឆេង ម៉ូនីកា នាំគ្នាចុះទៅងូតទឹក ចំណែកឈ្មោះ កំសត់ សុជាតា នៅអង្គុយលើម៉ូតូនៅលើគោក ក្រោយពីឃើញមិត្តភក្តិរបស់ខ្លួន លង់ទឹក ក៏ស្រែកអោយគេជួយ ពេលនោះអ្នកច្រកខ្សាច់នៅជិតនោះ ឮអញ្ចឹង ក៏រត់មកជួយស្រង់បាន០២នាក់ គឺឈ្មោះ ពេជ្រ សុវណ្ណារី និងឈ្មោះ កូវឆេងម៉ូនីកា ចំណែកឈ្មោះ ប៊ុនធឿន ស្រីល័ក្ខ និងឈ្មោះ វណ្ណះ ស៊ីមាន លិចចូលក្នុងទឹកបាត់រកមិនឃើញទេ ។
លុះមកដល់ថ្ងៃទី១៤ ខែឆ្នាំដដែលវេលាម៉ោង២១និង១៥នាទី ក្រុមគ្រួសារបានរកសាកពជនរងគ្រោះទាំង០២នាក់ឃើញ ហើយរាយការណ៍ជូនសមត្ថកិច្ច រួចសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសពដោយសន្និដ្ឋានថា សពស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ សាកសពត្រូវបានប្រគល់ អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់