ភ្នំពេញៈ រថយន្តស្ទូចដឹកគ្រឿងចក្រមួយគ្រឿងបើកបោះពួយយ៉ាងល្បឿនទៅកៀរពីមុខរថយន្តលុច ស៊ីស ស៊េរីទំនើបមួយទៀតដែលបើកបត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវវេងស្រេងកែងនិងផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក លុចស៊ីស NX200t ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2BB-8827 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានបើកឆ្លងផ្លូវវេងស្រេងបំណងបត់ទៅកើតឆ្ពោះទៅច្រមុះជ្រូកស្ទឹងមានជ័យដោយខ្វះការប្រុងប្រយ័ត្ន។ ហើយខណៈពេលដែលបត់មិនទាន់និងផុតផងក៏ស្រាប់តែមានរថយន្តស្ទូចដឹកគ្រឿងចក្រមួយគ្រឿងទៀតម៉ាក ហីយិនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-0831 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន។ ហើយបានព្យាយាមបើកគេចពីរថយន្តខាងលើទៅខាងស្តាំ តែគេចមិនផុតក៏ជ្រុលទៅកៀររថយន្ដស៊េរីទំនើបខាងលើចំចំហៀងខាងស្តាំផ្នែកខាងមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តស្ទូចរងការខូចខាតវៀចកាងនិងបែកកង់ខាងក្រោយចំហៀងខាងឆ្វេង ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលដោះស្រាយគ្នាបន្ទាប់មកក៏មានតំណាងភាគីរថយន្តទាំងពីរបានចូលមកដោះស្រាយគ្នា ដោយភាគីខាងរថយន្តស្ទូចមិនចង់មានរឿងរ៉ាវវែងឆ្ងាយក៏ព្រមចេញសំណងចំនួន១៥០០ដុល្លារឲ្យទៅភាគីខាងរថយន្តលុចស៊ីសដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
មតិយោបល់