កណ្ដាលៈ យុវជន៣នាក់បើកម៉ូតូក្នុងសា្ថនភាពស្រវឹងស្រាទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់ស្រាលបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ ៣២-៣៣ ក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1J-4287 ធ្វើដំណើរមានគ្នា ៣នាក់ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៦ ពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យដួលទៅបោកក្បាលជាមួយផើងផ្កាសួនច្បារស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯអ្នករួមដំណើររងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី យ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ស្លាប់ រស់នៅភូមិអន្លុងជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ រួមដំណើរជាមួយឈ្មោះ ថា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ឃុំព្រែករំសេវ ស្រុកស្រីសន្ធរ របួសធ្ងន់ និងឈ្មោះ ស៊្រុន ធារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិអន្លុងជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាមជាមួយគ្នារបួសស្រាល។
ក្រោយពីហេតុសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់និងស្រាលត្រូវបានឡានពេទ្យដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯវត្ថុតាងនៅកន្លែងកើតហេតុត្រូវបានប៉ូលិសធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់