ដ្បិតថាមិនសូវឃើញមុខឡើងឆាកទូរទស្សន៍ តែតារាចម្រៀង កញ្ញា វុទ្ធ សុគន្ធា ត្រូវគេឃើញសកម្មខ្លាំងក្នុងការទទួលច្រៀងក្នុងកម្មវិធីផ្សេងៗ ជាពិសេសគឺឱកាសចេញច្រៀងនៅក្រៅប្រទេសតែម្ដង។ កញ្ញាបានអះអាងនៅក្នុងពិធីឡើងគេហដ្ឋានថ្មី កាលពីយប់ថ្ងៃទី៦ ខែមិនា ពីគម្រោងសិល្បៈជាច្រើន ដែលធ្វើអោយស្ដាប់ហើយ គឺនាងពិតជាមានទីផ្សារ ត្បិតថាមិនសូវលេចមុខលើកញ្ចក់ទូរទស្សន៍ អោយមហាជនបានស្គាល់ខ្លាំងក្លា។
កញ្ញា វុទ្ធ សុគន្ធា បានថ្លែងបញ្ជាក់ថាជាការពិតតាំងពីនាងប្រឡូកអាជីពចម្រៀង ហើយមានក្រុមច្រៀងប្រចាំច្បាស់លាស់ នាងត្រូវបានផលិតករទូរទស្សន៍ហៅឡើងឆាកទូរទស្សន៍ញឹកណាស់កាលពីរយៈពេលមុន ប៉ុន្តែបណ្ដាលមកពីមួយរយៈពេលក្រោយនាងរវល់រឿងច្រៀងប្រចាំអោយក្រុមលោកជេកស៍ ម្ចាស់បទសេដ្ឋីស្រុកស្រែ និងច្រៀងប្រចាំអោយក្រុម លោក នៅ ស៊ីនឿន ច្រើនពេក ទើបពិបាកទទួលការងារជាន់គ្នា។ ម្យ៉ាងមកពីនាងឩស្សាហ៍ចេញច្រៀងនៅក្រៅប្រទេសផង ទើបនាងមិនសូវហ៑ានទទួលការងារក្នុងស្រុក។ ជាង២ឆ្នាំចុងក្រោយនាងអះអាងថា គ្រាន់តែចេញទៅច្រៀងយូរៗសប្ដាហ៍នៅក្នុងប្រទេសអូស្ត្រាលី គឺឡើង៥ដងហើយ ទើបធ្វើនាងសូម្បីតែចង់ចូលផលិតកម្ម ឬចង់ផលិតបទផ្ទាល់ខ្លួន ក៍មិនមានពេលគ្រប់គ្រាន់។ នាងថាខ្លួនបានផ្ទះថ្មីនៅបុរីពិភពថ្មីឈូកវ៉ា២ គឺញើសឈាមលុយកាក់ពីការឡើងច្រៀងក្រៅប្រទេស និងអាហ្វែក្នុងពិធីផ្សេងៗសុទ្ធសាធ ទើបនាងមិនដែលជំពប់ជុំវិញព័ត៍មានថាមានបុរសនេះ ឬ បុរសនោះ ជាអ្នកជំរុញនូវភាពហ៊ឺហារពីក្រោយខ្នង។ នាងនឹងចេញទៅកើបលុយនៅអូស្ត្រាលីនៅអំឡុងខែ៤ នេះទៀតហើយ ដោយគម្រោងបើគ្មានការប្រែប្រួលគឺនឹងត្រូវឡើងទៅមុនចូលឆ្នាំខ្មែរ។
តារាចម្រៀងវ័យ២៣ឆ្នាំ ដែលច្រៀងបានពិរោះ និងមានសំលេងបត់បែនគួរអោយសរសើររូបនេះបន្តថា កញ្ញាគង់តែរកពេលផលិតបទចម្រៀងបង្ហោះផ្ទាល់ខ្លួននោះទេ ប៉ុន្តែមកពីនាងរវល់មិនទាន់ដកឃ្លា និងចង់គិតថារង់ចាំអោយនាងមកពីអូស្ត្រាលីមួយជើងទៀតសិន ទើបនាងមិនទាន់អើពើ។ នាងក៍ប្រកាសដូចគ្នាថា នៅមិនទាន់ខ្វាយខ្វល់រឿងស្នេហ៍ដូចគ្នា ក្នុងពេលដែលនាងក៍គិតថាខ្លួនមិនទាន់មានពេលគ្រប់គ្រាន់ក្នុងការគិតគូរ ដែលមិនចង់អោយមានអ្នកស្រលាញ់ហើយក៍ប្រេះឆាគ្នា។ នាងថាប្រឹងកើបលុយសិន ចាំរួចរាល់បំណុលទិញផ្ទះ និងមានទ្រព្យសម្បត្តិជាប់ខ្លួនអោយហំបន្តិច ចាំរៀបការតែម្ដងក៍មិនហួសពេលដែរ៕







មតិយោបល់