ព័ត៌មានជាតិ

កុំចេះតែហ៊ាន! សមត្ថកិច្ចវាយខ្នោះជនសង្ស័យម្នាក់គំរាមយកលុយ….

ភ្នំពេញ: នៅថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៤ និង ០០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាតខ្លួនជនសង្ស័យ ម្នាក់ ករណីប្រព្រឹត្តអំពើហឹង្សាគំរាមយកលុយអស់ ៤២០,០០០រៀល និងទូរស័ព្ទ ស្ថិតតាមផ្លូវលេខ២០០២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជនល្មើសបានគំរាមយកកាលពីថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០១៩។

ជនសង្ស័យមានឈ្មោះ ម៉ៅ យ៉ាវម៉ាហា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដមានសារធាតុញៀន និងជនរងគ្រោះមានឈ្មោះ រស់ រ៉ង់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

រហូតដល់ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៤និង ០០នាទី ជនរងគ្រោះបានជួបជនសង្ស័យកំពុងឈរនៅតាមផ្លូវមុខពហុព្យាបាលអរុណរះ ភូមិបូរីកម្មករ​ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលទឹកថ្លា និងបានដាក់ពាក្យបណ្តឹង ជនសង្ស័យតែម្តង បច្ចុប្បន្ន ជនសង្ស័យកំពុងឃាតខ្លួនទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់