ព័ត៌មានជាតិ

តៃកុង និងព្រូ អេស្កាវ៉ាទ័រ ២នាក់ រងរបួសធ្ងន់ ខណៈកាយគាស់ដី ប៉ះគ្រាប់មិនទាន់ផ្ទុះ

ប៉ៃលិនៈ កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ មានករណីផ្ទុះគ្រាប់យុទ្ធភ័ណ្ឌ ០១ករណី នៅចំណុចផ្លូវចូលទៅរមណីយដ្ឋានចម្ការខ្នុរ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ចំនួន ២នាក់ ខូចខាតអេស្កាវ៉ាទ័រស្រាលចំនួន ០១គ្រឿង ។

១-ឈ្មោះ ណារ៉ុន តេត្រា ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ជាអ្នកបើកអេស្កាវ៉ាទ័រ) ។
២-ឈ្មោះ វង់ សំណាង ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ជាព្រូ) ។
ជនរងគ្រោះទាំងពីរនាក់ជាកម្មករបើកអេស្កាវ៉ាទ័រ បានធ្វើការគាស់កាយដី និងឈូសឆាយពង្រាបឲ្យម្ចាស់ចម្ការឈ្មោះ នុត សឿន រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះមកដល់ពេលវេលាកើតហេតុខាងលើ ក៏ស្រាប់តែផ្ទុះបណ្តាលឲ្យរបួសតែម្តង ។

ក្រោយពេលកើតហេតុស្នងការ បានដឹកនាំកម្លាំងចុះទៅពិនិត្យមើលទីតាំងកើតហេតុ ឃើញថា គ្រាប់ដែលផ្ទុះគឺមានចំនួន ០១គ្រាប់ និងឃើញមានគ្រាប់ដែលនៅសេសសល់លើដីចំនួន ០១គ្រាប់ និងបំណែកគ្រាប់ចំនួន០១គ្រាប់មានផ្ទុករំសេវ ។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកគ្រាប់ យុទ្ធភ័ណ្ឌដែលនៅសល់ ត្រូវបានប្រគល់ជូន មន្ត្រីស៊ីម៉ាក់ ទទួលយកទៅរក្សាទុក ។ យោងតាមការរាយការណ៍របស់មន្ត្រីស៊ីមាក់គ្រាប់ ដែលនៅសេសសល់គឺប្រភេទគ្រាប់ ៧៥មីលីម៉ែត្រចំនួន ០១គ្រាប់ និងបំណែកគ្រាប់ DK៨២ ដែលមានផ្ទុករំសេវចំនួន ១គ្រាប់ និងបានសន្និដ្ឋានថា គ្រាប់ដែលផ្ទុះនោះក៏ជាប្រភេទគ្រាប់ ៧៥មីលីម៉ែត្រដែរ ៕

មតិយោបល់