ភ្នំពេញៈយោងតាមផេកអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ឯក សែម គន្ធ ប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រនិងព័ត៌មាន នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ថា ចាប់តាំងពីលោកឡើងកាន់តំណែងជា ប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោកមក លោកបានធ្វើការកែតម្រូវរបៀបរបបការងារច្រើន ដើម្បីឲ្យមន្ត្រីមានភាពងាយស្រួលធ្វើការ និងគោរពវិន័យ ជាពិសេសគឺបានផ្លាស់ប្តូររបៀបធ្វើការនៅតាមគោលដៅ ពីការដាក់កម្លាំងមុខដដែលៗជាអចិន្ត្រៃយ៍ ទៅជាចល័តវិលជុំមួយខែម្តង ដើម្បីលុបបំបាត់បញ្ហាសតិអារម្មណ៍របស់មន្ត្រីមួយចំនួន ។
លោកប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញបាននិយាយឲ្យដឹងបែបនេះ បន្ទាប់ពីមានរឿងអាស្រូវពាក់ព័ន្ធជាមួយនឹងមេដឹកនាំអង្គភាពនេះថា បានជំរិតទារប្រាក់ពីមន្ត្រីតាមគោលដៅនានា ក្នុងមួយខែពី ១០០ ទៅ ១៥០ដុល្លារ ឬ ច្រើនជាងនេះ ដើម្បីជាថ្នូរនឹងការមិនផ្លាស់ប្តូរមន្ត្រីនោះចេញពីគោលដៅខ្លាញ់ ដែលត្រូវបានគេធ្វើការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គមព្រោងព្រាតរួចមក ។
លោកវរសេនីយ៍ឯក សែម គន្ធ បានពន្យល់ថា ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានមក លោកបានធ្វើការកែសម្រួលកងកម្លាំងនៅតាមគោលដៅទាំងអស់ ទាំងមន្ត្រី ទាំងថ្នាក់ដឹកនាំនៅតាមបណ្តាគោលដៅនានា ដែលពីមុនឈរជើងជាអចិន្ត្រៃយ៍ តែបច្ចុប្បន្នត្រូវបានចល័តវិលជុំពីគោលដៅមួយទៅគោលដៅមួយទៀតរៀងរាល់មួយខែម្តង ។ លោកបានបន្តថា គោលបំណងនៃការចល័តកម្លាំងពីគោលដៅមួយទៅគោលដៅមួយក្នុងមួយខែម្តងនេះ ត្រូវបានលោកនិយាយថា ដើម្បីឲ្យមន្ត្រីទទួលបាននូវការដកស្រង់បទពិសោធន៍ការងារពីគោលដៅមួយទៅគោលដៅមួយ ធ្វើឲ្យមន្ត្រីនៅក្នុងអង្គភាពទាំងមូលមានទំនាក់ទំនងគ្នាកាន់តែទូលំទូលាយ និងមានសាមគ្គីគ្នាកាន់តែល្អ ជាពិសេសគឺលុបបំបាត់ក្រុមមន្ត្រីដែលបានសហការគ្នាប្រព្រឹត្តអំពើខុសឆ្គងនៅតាមគោលដៅនានានោះ ។
លោកបានបញ្ជាក់ថា ការចល័តកម្លាំងតាមគោលដៅទាំងនៅក្នុងរាជធានី និងជាយនេះ មិនមែនចល័តតែមេក្រុមឬអនុប្រធានផ្នែកនោះទេ គឺចល័តបំបែកទាំងមន្ត្រីនៅតាមក្រុមទាំងនោះទៀត នេះជាអ្វីដែលអង្គភាពចរាចរណ៍បានធ្វើកន្លងមក ។ ពេលនេះគោលដៅខ្លាញ់ ឬមិនខ្លាញ់ មិនមែនជារបស់អ្នកណាម្នាក់ទៀតឡើយ ព្រោះការងាររបស់មន្ត្រីតាមគោលដៅចល័តវិលជុំ ។
លោកជ័យ សុខគារ មន្ត្រីនគរបាលចរាចរដែលធ្លាប់ឈរជើងនៅគោលដៅពេទ្យលោកសង្ឃ មានរយៈពេលច្រើនជាង១០ឆ្នាំ បានប្រាប់ថា ពីមុនកម្លាំងធ្លាប់នៅគោលដៅណា គឺនៅគោលដៅនឹងបានជាអចិន្ត្រៃយ៍នោះ ដោយសារអង្គភាពមានការយោគយល់ថា អ្នកណាមានផ្ទះនៅជិតគោលដៅណាឲ្យឈរជើងនៅគោលដៅនោះ មិនមែនដោយសារបានមកពីការបង់ប្រាក់ប្រចាំខែឲ្យមេនោះទេ តែឥឡូវមិនអីចឹងទៀតឡើយ គឺអង្គភាពបានកែសម្រួលដោយឲ្យមានការចល័តកម្លាំងវិលជុំ ។ ខែខ្លះចំកន្លែងស្រួល ខែខ្លះប៉ះកន្លែងពិបាកនោះម្តងម្នាក់ទេ ។
លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកផែនចារចរណ៍បាននិយាយឲ្យដឹងនៅថ្ងៃទី៦ ខែមីនាថា កម្លាំងឈរជើងនៅតាមគោលដៅក្នុងរាជធានីភ្នំពេញ ត្រូវបានធ្វើការកែសម្រួលតាំងពី២ទៅ៣ខែមុន បន្ទាប់ពីមានរឿងអាស្រូវស្រដៀងគ្នានេះម្តងរួចមកហើយ ដោយធ្វើការផ្លាស់ប្តូរកងកម្លាំងពីគោលដៅមួយទៅគោលដៅមួយពេលខ្លះ៣ថ្ងៃម្តង ។ ការចល័តកម្លាំងពីគោលដៅមួយទៅគោលដៅមួយនៅពេលនេះ បានបំបែកទាំងក្រុមទៀតផង ដូច្នេះមានរឿងអ្វីដែលអ្នកឈរជើងតាមគោលដៅត្រូវយកលុយទៅឲ្យអ្នកណាមួយនោះ ៕
មតិយោបល់