ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប ស្លាកលេខភ្នំពេញ 2AA-8187 បុកម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ នៅស្រុកត្រាំកក់

តាកែវ: កាលពីវេលាម៉ោង ៣​ និង ០០នាទីនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់ នៅលើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រលេខ៨៧-៨៨ ក្នុងភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនរងគ្រោះឈ្មោះ ទុយ កែវ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាកសិករ នៅភូមិខ្ពក ឃុំកោះស្លា ស្រុកឈូក ខេត្តកំពត រងរបួសធ្ងន់ បើកម៉ូតូម៉ាកហុងដា C125 ស៊េរី ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1O-1253 រួមដំណើរជាមួយឈ្មោះ ហ៊ាន វណ្ណា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាកសិករ នៅភូមិឈើទាល ឃុំជុំពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត របួសស្រាល ។

រថយន្តបង្កម៉ាក អេសស្កាលែត ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8187 បើកបរដោយឈ្មោះ ហាក់ ស៊ុយទ្រី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាអ្នករកស៊ី រស់នៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើករថយន្តបត់ឆ្វេងឆ្លងថ្នល់ ក្នុងទិសដៅបញ្ច្រាសគ្នា ដើម្បីចូលចាក់សាំង ក៏បុកគ្នាជាមួយម៉ូតូមួយគ្រឿង ហើយព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ចដេញតាម រួចក៏ឃាត់រថយន្តបានតែម្តង រីឯជនរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕

មតិយោបល់