ព័ត៌មានជាតិ

ពូកែជិះម៉ូតូដើរឆក់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ ត្រូវអាវុធហត្ថឃាត់ខ្លួនបានហើយ

ភ្នំពេញៈ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោស។

១/ ឈ្មោះ សួន រឿងរ៉ាក់ ភេទប្រុស ១៧ឆ្នាំ
២/ ឈ្មោះ ទិត្យ ច័ន្ទដារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ

ពួកគេទាំង ០២នាក់ ខាងលើ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៦១ កែងផ្លូវ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពឆក់កាបូបរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ។

ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០២នាក់ បានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុ រូបគេទាំង ០២នាក់ បានជិះម៉ូតូ ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ ភ្នំពេញ 1HI-0770 ចេញពីផ្ទះនៅម្តុំទួលសង្កែ ដោយគោលបំណងជិះដើររកឆក់សម្ភារៈ មានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ លុះពេលជិះដល់រង្វង់មូលគួចកាណុង បានជួបបក្សពួក ០៣នាក់ទៀត មានឈ្មោះ ង៉ោល(គេចខ្លួន) ,ឈ្មោះ ខូច(គេចខ្លួន) និងម្នាក់ទៀតមិនស្គាល់ឈ្មោះ(គេចខ្លួន) ជិះម៉ូតូ ០២គ្រឿង ម៉ាក Beat ពណ៌ខៀវលាយស និងពណ៌ក្រហម ហើយបានបបួលគ្នាជិះដើររកឆក់ទាំងអស់គ្នា ក្រោយពេលជិះដល់ចំណុច ផ្លូវ៩៤ កែងរង្វង់មូលវត្តភ្នំ ក៏ឃើញស្រ្តីម្នាក់អង្គុយលើម៉ូត ម៉ាក ហុងដា ពណ៌ខ្មៅ មានស្ពាយកាបូបតូចចំហៀង ពួកគេបានជិះទៅក្បែរជនរងគ្រោះ ក៏ធ្វើសកម្មភាពឆក់តែម្តង។ ក្នុងពេលនោះ មានសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញ ល្បាតក្នុភូមិសាស្រ្តរបស់ខ្លួនឃើញ បានដេញតាមពួកគេដល់ចំណុច មុខសណ្ឋាគារ សាន់វ៉េ ទើបឃាត់ខ្លួនបាន ចំណែកបក្សពួកផ្សេងទៀតបានរត់គេចខ្លួនបាត់។

-ឈ្មោះ សួន រឿងរ៉ាក់ បានប្រាប់បន្ថែមថា កន្លងមកកាលអំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០១៩ រូបគេធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋបានចំនួន ០៤លើក ជាមួយបក្សពួកឈ្មោះ ញ៉ា(គេចខ្លួន) ,ឈ្មោះខួច(គេចខ្លួន) និងឈ្មោះ រ៉ា(គេចខ្លួន) នៅចំណុចរង្វង់មូលគួចកាណុង និងរង្វង់មូលវត្តភ្នំ។

-ឈ្មោះ ទិត្យ ច័ន្ទដារ៉ា ប្រាប់បន្ថែមថា កន្លងមកកាលអំឡុងខែធ្នូ ឆ្នាំ២០១៨ រូបគេធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេស ០២លើក ជាមួយបក្សពួកឈ្មោះ វណ្ណ(គេចខ្លួន) ដោយប្រើប្រាស់មធ្យោបាយម៉ូតូ ០២គ្រឿង ម៉ាក ហុងដា សេ១២៥ សេរីឆ្នាំ២០១៩៕

មតិយោបល់