ព័ត៌មានជាតិ

Update៖ រថយន្តបែនដឹកដី បោលបុកផ្ទប់រថយន្តជាច្រើនគ្រឿង រងការខូចខាត

ភ្នំពេញ: រថយន្តហ៊ីណូបែនដឹកដី បើកបុករះរថយន្ត កំពុងឈប់ស្តុប ចំនួន៧គ្រឿង ប៉ើងខ្ទេច រងការខូចខាតខ្ទេចសរុបចំនួន៨គ្រឿង ដោយរថយន្ត២គ្រឿងខូចខាតបន្តិចបន្ទូចប៉ុណ្ណោះ ក៏បន្តដំណើរទៅបាត់ នៅដល់តែរថយន្តខូចខាតធ្ងន់ធ្ងរចំនួន៦គ្រឿង នៅកន្លែងកើតហេតុ រាយប៉ាយពេញផ្លូវតែម្តង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅ តាមផ្លូវមហាវិថី ឈ្នះឈ្នះ កែងផ្លូវហាណូយ ត្រង់ចំណុចភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

រថយន្តបង្កបែនដឹកដីហ៊ីណូ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3A-4828 អ្នកបើកបរ បិទសាប៊ូកែងជើង គេចទៅបាត់ ។

រថយន្តរងគ្រោះនៅកន្លែងចំនួន៥គ្រឿង មានរថយន្តម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ2AM-9631 ពណ៌ទឹកប្រាក់ រថយន្ត MONING ពណ៌ទឹកប្រាក់ រថយន្ត NISSAN NAVARA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-5301 រថយន្តបែនដឹកដី ម៉ាកHINO ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3A-6629 រថយន្តម៉ាក HYYUNDAI ទ្រុងដឹកទំនិញ ។ ចំណែករថយន្ត២គ្រឿងផ្សេងទៀត ម៉ាកព្រូស ពណ៌ទឹកសមុទ្រ និងរថយន្តបែន គ្រាន់តែរងខូចខាតតិចតួច មិននៅវែងឆ្ងាយ បន្តដំណើរទៅបាត់។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុរថយន្តរងគ្រោះទាំងអស់ បើកលើវិថីឈ្នះ ឈ្នះ ពីលិចទៅកើត មកដល់ចំណុចខាងលើ បានឈប់ភ្លើងស្តុប ជាបន្តបន្ទាប់គ្នា ស្របពេលដែលរថយន្តទាំងអស់កំពុងឈប់ស្តុប ស្រាប់តែរថយន្តបង្ក ដឹកដី បើកបោះពួយល្បឿនលឿន ពីលិចទៅកើតជ្រុលបុកផ្ទប់នឹងរថយន្តបែន នៅឈប់ខាងមុខគេ បណ្តាលឲ្យរថយន្ត៧គ្រឿងរងគ្រោះ តែមាន២គ្រឿង ខូចតិចតួច ក៏បន្តដំណើរទៅបាត់ សល់តែ៥គ្រឿងខូចធ្ងន់ នៅកន្លែងកើតហេតុ ភ្លាមៗអ្នកបើកបររថយន្តបង្ក ចុះគេចខ្លួនបាត់។ ករណីនេះ មិនបង្កឲ្យអ្នកណារងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ វាស់វែងរួច ប្រមូលយករថយន្តទាំង៦គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោ៕

មតិយោបល់