មនុស្ស ២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ករណីរថយន្ត ២គ្រឿងបុកគ្នា រួចបន្តទៅបុកអ្នកជិះម៉ូតូ
កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្ស២នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយរថយន្តរួចបន្តទៅបុកអ្នកជិះម៉ូតូ នៅវេលាម៉ោង ៥និង៣០នាទី លើផ្លូវជាតិលេខ៤១ (១៥-១៦) ត្រង់ចំណុចភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយិនដាយ ពណ៌ស-ក្រហម ពាក់ស្លាកលេខតាកែវ 3A-2310 សណ្តោងសឺមីរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ 4A-1503 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (រត់គេចខ្លួន ក្រោយពេលកើតហេតុ) បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ត01គ្រឿង ម៉ាកគៀ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-3576 អ្នកបើកបរឈ្មោះ គឺត វាសនា ភេទប្រុស អាយុ 35ឆ្នាំ រស់នៅភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរពីទិសខាងជើងទៅទិសខាងត្បូង រួចរថយន្តម៉ាកគៀបានរេចង្កូតទៅខាងឆ្វេង បានទៅបុកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ125 ពណ៌ខ្មៅ សេរី2018 ពាក់ស្លាកលេខកំពង់ស្ពឺ 1M-1175 អ្នកបើកបរឈ្មោះ កើត កុសល ភេទប្រុស អាយុ ៤៥ឆ្នាំ មានឌុបមនុស្ស ០២នាក់ ឈ្មោះ អ៊ូ ស្រីអូន ភេទស្រី អាយុ ៣៧ឆ្នាំ និងឈ្មោះ គឹម ដាណែត ភេទស្រី អាយុ ២៣ឆ្នាំ អ្នកទាំង៣រស់នៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរពីទិសខាងត្បូងទៅទិសខាងជើង ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីខាងលើនេះ បណ្តាលអោយ ស្លាប់មនុស្ស ០២នាក់ ស្រី ០១នាក់ (ឈ្មោះ គឺត វាសនា និងឈ្មោះ គឹម ដាណែត) នៅនិងកន្លែងកើតហេតុ និងរបួសធ្ងន់មនុស្ស ០២នាក់ ស្រី០១នាក់ ( ឈ្មោះ អ៊ូ ស្រីអូន និងឈ្មោះកើត កុសល) និងបង្ករអោយខូចខាតម៉ូតូ ០១គ្រឿងធ្ងន់ រថយន្ត ០២គ្រឿង ធ្ងន់០១គ្រឿង ។
ចំពោះសពបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។
វត្ថុតាងទាំង០៣គ្រឿង សមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលត្រពាំងគង ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងទៅតាមនីតិវិធី៕
មតិយោបល់