ភ្នំពេញៈ មន្ត្រីយោធាម្នាក់បានរងរបួសធ្ងន់ខណៈខ្មាន់កាំភ្លើងបាញ់ចំនួន៥គ្រាប់គ្រាដែលគាត់បានជិះម៉ូតូឌុបចេញពីហាងផឹកស៊ីមួយកន្លែងមានយីហោ ពីរ៉ាមីត ក្នុងគោលបំណង់ត្រឡប់ទៅផ្ទះវិញ ចំណែកខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍បាញ់ប្រហានេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខសាលាអន្តរជាតិ ឃីដលែន តាមបណ្តោយផ្លូវ ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ លី ហុងសេង (ហៅតាចេក) អាយុ ជាង៥០ឆ្នាំ មុខរបរយោធាស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវខ្មាន់កាំភ្លើងបាញ់ឲ្យរបួសត្រូវកាំភ្លើងគ្រាប់ទី១ចំត្រូវកញ្ចឹងកធ្លាយ១គ្រាប់ទៅត្រូវស្មារ បុរសរត់ឌុបបៀមគ្រាប់ជាប់១គ្រាប់ ត្រូវភ្លៅ១គ្រាប់ ត្រូវម្រាមដៃ១គ្រាប់បែកសាច់ ត្រូវទ្រូង១គ្រាប់ ខ្នង១គ្រាប់។
ចំណែកអ្នករត់ម៉ូតូឌុបដែលរងរបួសត្រូវគ្រាប់កាំភ្លើង មានឈ្មោះ សារ៉េន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខ ហាងពីរ៉ាមីត ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិព្រែកតាយ៉ូន ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ រងរបួសត្រូវចំ១គ្រាប់ចំស្មាខាងស្តាំដែលគ្រាប់នោះធ្លាយពីជនរងគ្រោះទី១ (ហៅតាចេក)។
តាមប្រភពជុំវិញកន្លែងកើតហេតុ និងក្រុមអ្នករត់ម៉ូតូឌុបដែលស្គាល់ជនរងគ្រោះ(ហៅតាចេក)និងជាម៉ូយដែលតែងតែឌុបគាត់ ចេញចូលផឹកស៊ីនៅហាងពីរ៉ាមីតនោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ លី ហុងសេង ហៅតាចេក បានចេញពីហាងខាងលើ ហើយគាត់បានខលហៅរថយន្តតាក់ស៊ីម៉ែត្រដែលជាម៉ូយប្រចាំរបស់គាត់ឲ្យមកយកទៅផ្ទះ តែតាក់ស៊ីនោះជាប់រវល់មិនបានមក។ ពេលនោះគាត់ក៏ហៅម៉ូតូឌុបដែលជាសន្តិសុខយាមនៅហាង ឲ្យឌុបគាត់ទៅផ្ទះ បន្ទាប់មកគាត់ក៏ឡើងជិះម៉ូតូចេញទៅ លុះទៅដល់ចំណុចផ្លូវ១៩៦៦ មុខសាលា ឃីដលែន ស្រាប់តែមានជនសង្ស័យជាខ្មាន់ភ្លើងបានជិះម៉ូតូមកធ្វើសកម្មភាពបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៥គ្រាប់និងធ្លាយត្រូវអ្នកឌុប១គ្រាប់បណ្តាលឲ្យរងរបួសទាំង២នាក់ធ្ងន់ធ្ងរតែម្តងហើយភ្លាមនោះជនសង្ស័យជាខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ស្រមោល។
ពាក់ព័ន្ធនិងករណីបាញ់ប្រហារនេះ លោកវរៈសេនីយ៍ ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា លោកកំពង់ធ្វើការស្រាវជ្រាវនិងសើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុតហើយលើករណីនេះ លោកបញ្ជាក់ថាករណីនេះគឺសង្ស័យជារឿងគុំនុំ។ ប៉ុន្តែលោកមិនទាន់កំណត់បាននូវឡើយថាកាំភ្លើងដែលក្រុមជនសង្ស័យបាញ់នោះជាម៉ាកអ្វីនោះទេព្រោះតាមការមើលសំបកគ្រាប់គឺអាចប្រើបានច្រើនម៉ាក។លោកបន្តទៀតថានៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញសំបកគ្រាប់ចំនួន៤គ្រាប់និងបំណែកក្បាលគ្រាប់ជាច្រើន។
ក្រោយមកបុរសរត់ឌុបបានជិះម៉ូតូទៅពេទ្យដោយខ្លួនឯងមិនបានដឹកជនរងគ្រោះទៅជាមួយទេ។នោះហើយករណីនេះក៏ផ្អើលដល់ក្រុមរត់ម៉ូតូឌុបនៅម្តុំហាង អលស្តារ មកមើលហើយរួចបានឌុបតាចេកទៅពេទ្យតែ តាចេក បានអោយឌុបទៅផ្ទះគាត់វិញ ម៉ូតូឌុបក៏ឌុបទៅគោលដៅ២៤ម៉ោងរបស់សមត្ថកិច្ចខណ្ឌសែនសុខឲ្យជួយអន្តរាគមន៍។
ដោយឡែកតាមសម្តីរបស់បុរសម្នាក់ឈ្មោះ ស៊ឹម អូន អាយុ៤២ មុខរបរនគរបាល ស្នាក់នៅខណ្ឌទួលគោក ដែលជាអ្នកស្គាល់ជនរងគ្រោះ តាចេក ព្រោះជាម៉ូយប្រចាំហាងដូចគ្នា ធ្លាប់ផឹកស៊ីជល់កែវជាមួយគ្នាញឹកញាប់ បានប្រាប់ឲ្យដឹងថានៅមិនពេលកើតហេតុ គាត់នៅផឹកស៊ីនៅហាង អលស្តារ នៅតាមផ្លូវកើតហេតុ ១៩៦៦ ចង្ងាយពីកន្លែងកើតហេតុ ជា៥០០មែត្រ ក៏មានសន្តិសុខហាងមកប្រាប់គាតថា មានគេរកគាត់ ឲ្យទៅមើលនៅខាងមុខព្រោះមានករណីគេបាញ់មនុស្ស បន្ទាប់មកគាត់បានជិះរថយន្តរបស់គាត់ម៉ាកកូរ៉ូឡា ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2V-6143 ទៅមើលតែពេលទៅដល់មិនឃើញអ្វីនោះទេ លុះក្រោយមកមួយសន្ទុះ គាត់ក៏ត្រឡប់មកដល់ហាងពីរ៉ាមីត ខណៈនោះក៏មានឈ្មោះឡា ជាម៊ូយតាក់ស៊ីរបស់ ជនរងគ្រោះទូរស័ព្ទមកប្រាប់ថា តាចេកត្រូវគេបាញ់ ឥឡូវត្រូវបញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រហើយ ហើយតាចេកបានផ្តាំថា ឲ្យសមត្ថកិច្ចនៅយាមមើលអ្នកផ្ទះគាត់ផង នេះជាបណ្តាំរបស់ជនរងគ្រោះតាចេក។ ស្របពេលដែលឈ្មោះ ស៊ឹម អូនមកដល់ហាងពីរ៉ាមីត សមត្ថកិច្ចបានមកដល់ព្រោងព្រាត និងបានសួរនាំ ក៏បុរសឈ្មោះ ស៊ឹម អូន ប្រាប់ថាស្គាល់ តាចេក ទើបសមត្ថកិច្ចសុំការបំភ្លឺពីគាត់។ ក្រោយពេលកើតហេតុ និងក្រោយពេលសាកសួរបំភ្លឺពីបុរស ស៊ឹម អូន ដឹងពីសមាសភាពរបស់ឈ្មោះ ស៊ឹម អូន និងដឹងថា ស៊ឹមអូន មានកាំភ្លើងប្រើប្រាស់ ទើបលោកអធិការខណ្ឌសែនសុខ និងលោកមេប៉ុស្តិ៍ភ្នំពេញថ្មី សុំពិនិត្យមើលកាំភ្លើងរបស់ ស៊ឹម អូន ម៉ាក រ៉ូឡូ ទើបកំលាំងសមត្ថកិច្ចសុំឃាត់ឈ្មោះ ស៊ឹម អូន ទៅសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្ត តែក្រោយមក មិនមានអ្វីជាតម្រុយនិងមិនមានទាក់ទងហេតុការណ៍នេះ ក៏បានឲ្យ ស៊ឹម អូន ត្រឡប់ទៅវិញ ៕
មតិយោបល់