ព័ត៌មានជាតិ

បុគ្គលិកធនាគារប្រាសាក់ម្នាក់ ជិះម៉ូតូលឿនបុករង្វង់មូលស្លាប់.. មន្ត្រីចរាចរណ៍ក្រុងស្វាយរៀង មិនចង់ផ្ដល់ព័ត៌មានដល់អ្នកកាសែត

ស្វាយរៀង: កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រ លេខ ១២៣ និង១២៤ ស្ថិតក្នុងភូមិរូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

ជនរងគ្រោះឈ្មោះ មុំ វុទ្ធី អាយុ ២៤ ឆ្នាំ មុខរបរ បុគ្គលិក ធនាគារប្រាសាក់សាខា ស្វាយជ្រំ រស់នៅភូមិត្បែង ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២៣ និង១២៤ ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ ក៏ទៅបុករង្វង់មូលរូបគោពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

មូលហេតុ៖ ប្រើប្រាស់ល្បឿនលឿន ហើយទីតាំងរង្វង់មូលងងឹតឈឹង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ករណីនេះ សារព័ត៌មាន Post News បានតេទូរស័ព្ទ ដើម្បីសម្ភាស ចង់បានព័ត៌មានលម្អិតពីមន្ត្រីចរាចរណ៍ក្រុងស្វាយរៀង ហាក់បីដូចជាមិនចង់ផ្ដល់ព័ត៌មានដល់អ្នកកាសែត៕

មតិយោបល់