ព័ត៌មានជាតិ

បង្ក្រាបល្បែងស៊ីសង “អាប៉ោង”មួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់

កណ្ដាលៈ ក្រុមអ្នកញៀនល្បែងប្រុសស្រី៤នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្អាងធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១១និង០៦នាទីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្រោយផ្ទះឈ្មោះ ម៉ៅ វិបុល ស្ថិតភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។

ក្រុមជនញៀនល្បែងទាំងនោះទី១.ឈ្មោះ ម៉ៅ វិបុល ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ (ជាប្តីនិងអ្នកបើកល្បែងស៊ីសង)។ ទី២.ឈ្មោះ ឃន វ៉ាន់នី ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ (ត្រូវជាប្រពន្ធឈ្មោះ ម៉ៅ វិបុល)។ ទី៣.ឈ្មោះ អេម សំអាត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី (មេបាញ់អាប៉ោង) អ្នកទាំងបីខាងលើមានទីលំនៅភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ទី៤.ឈ្មោះ ឈុន ឡៃ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ មានទីលំនៅភូមិទន្លាប់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស់ ខេត្តកណ្តាល។

ក្រោយពីចុះបង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងខាងលើ កម្លាំងបានដកហូតវត្ថុតាងរួមាន៖ មេអាប៉ោងចំនួន០២ ចានអាប៉ោងចំនួន០១ គម្របអាប៉ោងចំនួន០១ កម្រាលក្រាលចាក់អាប៉ោងចំនួន០១ ក្រដាសឆ្នោតមួយចំនួន និងប្រាក់ចំនួន ៣២៥០០០រៀល (សាមសិបពីរម៉ឺនប្រាំពាន់រៀល)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានថាមានសកម្មភាពលេងល្បែងស៊ីសងនៅក្រោយផ្ទះឈ្មោះ ម៉ៅ វិបុល ស្ថិតភូមិព្រែកតាព្រីង ឃុំសិត្បូ សមត្ថកិច្ចនគរបាលស្រុកស្អាង បានទៅដល់កន្លែងធ្វើការបង្ក្រាបល្បែងស៊ីសង និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់