ព័ត៌មានជាតិ

រត់មិនរួចទេចាប់ខ្លួនបានហើយជនដៃដល់ដែលបាញ់ប្រហារប្អូនថ្លៃស្លាប់នៅកោះឧកញ្ញ៉ាតី

កណ្ដាលៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថានគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាលនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដស្ទឹងត្រែង ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល ស្រាវជ្រាវបំបែកសំណុំរឿងចាប់ខ្លួនជនដៃដល់ជាប៉ូលិសប៉ុស្ដិ៍រដ្ឋបាលបាក់ខែងម្នាក់ដដែលបាញ់ប្រហារប្អូនថ្លៃខ្លួនឯងនោះបានហើយ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ នៅខេត្ដស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្ដព្រះវិហារ ក្រោយពីជនដៃដល់រូបនេះព្យាយាមរត់គេចខ្លួនអស់រយៈពេល៧ថ្ងៃ បន្ទាប់ពីបាញ់ប្រហាប្អូនថ្លៃខ្លួនឯង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមគួរឲ្យរន្ធត់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០វេលាម៉ោង១៨និង៣០នាទី នៅចំណុចភូមិ ចុងកោះ ឃុំ កោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយផ្ដើមចេញពីការប្រច័ណ្ឌ ។

លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការខេត្ដកណ្ដាលបានឲ្យដឹងថា ជនដៃដល់ឈ្មោះ សែន រ៉ានុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែង។ ចំណែកឯជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាបងប្អូនថ្លៃ(សាច់ថ្លៃ)នឹងគ្នា មានទីលំនៅភូមិឃុំកើតហេតុ។

លោកឧត្ដមសេនីយ៍ស្នងការបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យមានទំនាស់ ជាមួយប្រពន្ធ ខ្លួនឈ្មោះ គង់ សុខជា ដោយជនសង្ស័យយកអាវុធខ្លី មិនស្គាល់ម៉ាក ភ្ជុងប្រពន្ធខ្លួន ពេលនោះជនរងគ្រោះ ចេញមកឃាត់ដោយនិយាយថា ចាំយកកាំភ្លើងភ្ជុងប្រពន្ធធ្វើអី និយាយតែប៉ុណ្តឹង ស្រាប់តែជនសង្ស័យបាញ់សំដៅទៅជនរងគ្រោះ១គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយមកជនសង្ស័យបានយកម៉ូតូឈ្មោះ ផល ជាអ្នកជិតខាងជិះគេចខ្លួនបាត់តែម្ដង។

បន្ទាប់ពីមានរណីនេះកើតឡើង ភ្លាមៗនោះដែរ លោកស្នងការខេត្ដកណ្ដាល ក៏បានដឹកនាំកម្លាំងជំនាញខេត្ដ ,កម្លាំងអធិការដ្ឋានស្រុក និងកម្លាំងប៉ុស្តិ៍ ចុះដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថា ជនរងគ្រោះស្លាប់ដោយសារជនដៃដល់ជាបងថ្លៃបាញ់ប្រហារស្លាប់ប្រាកដមែន ។ បន្ទាប់ពីពិនិត្យរួច កម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីធ្វើការស្រាវជ្រាវរកជនដៃដល់មកចាត់ការតាមច្បាប់ រហូតមកដល់នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាល នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដស្ទឹងត្រែង ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល ធ្វើការស្រាវជ្រាវ រហូតបំបែកសំណុំរឿងចាប់ខ្លួនជនដៃដល់រូបនេះ នៅខេត្ដស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្ដព្រះវិហារ ក្រោយពីជនដៃដល់រូបនេះព្យាយាមរត់គេចខ្លួនអស់រយៈពេល៧ថ្ងៃ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនមកកាន់ស្នងការដ្ឋាននករបាលខេត្ដកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់