ព័ត៌មានជាតិ

សម័យនេះហើយនៅមានចឹងទៀត ប្រើល្បិចបោកតាមក្លឹប ទារលុយគេដោយយកឈ្មោះថ្នាក់ដឹកនាំមកប្រើ!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនិងករណីប្រើល្បិចឆបោក យកលុយបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៤០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខក្លឹបហ្ស៊ូក ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ពៅ ចាន់ធី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះ ឈ្មោះ ឡោ ប៊ុនឈឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមេការក្លឹបហ្ស៊ូក ស្នាក់នៅក្នុងក្លឹបហ្សូកផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅ មុនពេលកើតហេតុ ឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានទូរស័ព្ទ មកប្រាប់ជនរងគ្រោះ ថាគេចុះធ្វើការត្រួតពិនិត្យរដ្ឋបាលនៅចំណុចក្លឹបហ្សូក បើមិនចង់ឲ្យគេចុះត្រួតពិនិត្យទេ ត្រូវរៀបចំកញ្ចប់លុយចំនួន៣០០ដុល្លារឲ្យគេ ហើយឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានប្រើជនសង្ស័យពៅ ចាន់ធី ឲ្យមកយកលុយនៅក្លឹបហ៊្សូក។ លុះដល់ម៉ោង៣ និង៤០នាទី ស្រាប់តែជនសង្ស័យ ឈ្មោះ ពៅ ចាន់ធី បានជិះម៉ូតូឌុបមកដល់មុខក្លឹបហ្សូក ដើម្បីយកលុយពីជនរងគ្រោះ តែត្រូវជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី។

ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ បាននាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់