ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តមួយគ្រឿង បើករេចង្កូតបុកឡើងខឿនសួនច្បារពុះចែកផ្លូវ កល់ជាប់ទៅមុខលែងរួច កាលពីម៉ោងជាង៣ ទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវ R3 កែងផ្លូវR11 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY-3534 បើកបរដោយនារីម្នាក់ និងមាននារីម្នាក់ទៀតរួមដំណើរ ធ្វើដំណើរពីជើងទៅត្បូងតាមបណ្ដោយផ្លូវលេខR11 យ៉ាងលឿន។ មកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកឡើងខឿន ពុះចែកផ្លូវ បណ្ដាលឲ្យរថយន្តកល់ជាប់លើខឿនផ្លូវ ទៅមុខលែងរួច។
ករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ក្រោយកើតហេតុ ភាគីខាងរថយន្តបង្ក ចេញសំណង១៤០ដុល្លារ ទៅឲ្យក្រុមសន្តិសុខដីបឹងកក់ ដើម្បីបញ្ចប់រឿង រួចហៅរថយន្តមកស្ទូចយករថយន្តខ្លួន យកទៅជួសជុល។
តាមប្រភពបញ្ជាក់ពីកន្លែងកើតហេតុ ករណីនេះ មានការអន្តរាគម៍ពីកម្លាំងអាវុធហត្ថខណ្ឌទួលគោក៕
មតិយោបល់