ភ្នំពេញៈ គូរស្នេហ៍មួយគូឌុបគ្នា ទើបវិលត្រឡប់មកពីបន្ថែមវិជ្ជាគុណមន្តស្នេហ៍ ជិះដល់ផ្ទះជួលទៅហើយ បែរជារេចង្កូតបុកខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងខាងប្រុស ខាងស្រីរងរបួសស្រាល កាលពីវេលាម៉ោង១១ និង៣០ព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ចំណុចកែងផ្លូវចូលភូមិព្រៃល្ងរ ភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
បុរសរងគ្រោះឈ្មោះ ហួន យឹម អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ រងរបួសបាក់ជើងឆ្វេង។ ចំណែកស្រ្តីជាគូសង្សារ ឈ្មោះ ស្វាយ សុគា អាយុ២៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិចេក ឃុំស្វាចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ព រងរបួសស្រាល ។
តាមប្រភពមួយនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី៣០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-5330 ដែលទើបវិលត្រឡប់មកពីបន្ថែមវិជ្ជាគុណ សិលសាស្រ្តមន្តស្នេហ៍ ដោយខាងស្រីជាអ្នកបើកបរ ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ពីលិចទៅកើត លុះដល់ចំណុចខាងលើ ឆ្លងផ្លូវគោលបំណងចូលផ្ទះជួល បែរជាជ្រុលទៅបុកខឿនចិញ្ចើមផ្លូវដួលរងរបួសធ្ងន់ខាងប្រុស ខាងស្រីរងរបួសស្រាល ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋទូរស័ព្ទហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ។ ដោយស្ថានភាពរបួសបាក់ជើងធ្ងន់ ប្រសិនជាលាក់បាំងក៏មិនជិតដែរ ជនរងគ្រោះ ផ្តល់ដំណឹងជូនភរិយា ឲ្យទៅជួយមើលខ្លួនផងនៅមន្ទីរពេទ្យ៕
មតិយោបល់