ស្ទឹងត្រែង: យោងតាមអគ្គនាយកដ្ឋានកាំកុងត្រូល សាខាខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការចូលរួមសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្ម បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅក្នុងផ្សារស្ទឹងត្រែងថ្មី (អូរឬស្សី)។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ផលិតផលទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ដូចជា៖
– មីកំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ០៣កំប៉ុង
– ហតដក ហួសកាលបរិច្ឆេទប្រើប្រាស់ (Hot dog) ចំនួន ០២កញ្ចប់
– បង្អែមចាហួយខ្មៅ មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ចំនួន ២៧គីឡូក្រាម
បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល តាមនីតិវិធី និងបានឲ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្ហូបអាហារមិនប្រក្រតីបន្តទៀត។
ក្នុងថ្ងៃដដែលនោះដែរមន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តន៍ទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់