ព័ត៌មានជាតិ

ចេញពីពន្ធនាគារមិនទាន់បាត់ក្ដៅផង ឥទ្បូវលួចទៀត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

កណ្ដាលៈ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចមុខបន្ទប់ជួល ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។

ជនរងគ្រោះឈ្មោះ ភិន ខេត ភេទស្រី អាយុ៥៥ ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ នៅ ភូមិព្រៃមាន ឃុំរស្មីសាមគ្គឺ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំណែកម៉ូតូដែលបាត់បង់ គឺម៉ាកសង់០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1K-8925 ត្រូវបានប្រគល់ជូនម្ចាស់វិញហើយ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូតូទុក នៅមុខបន្ទប់ជួល ហើយឡើងទៅសម្រាកនៅជាន់ទី២ ដោយជនសង្ស័យមកដល់ មិនឃើញម្ចាស់ ក៏ធ្វើសកម្មភាពកាច់សោម៉ូតូ រួចជិះរត់គេចតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពដោយធាក់បំបាក់សោកម៉ូតូ ហើយជិះរត់គេចទៅភូមិព្រៃទារ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ពេលខ្លួនទៅដល់បន្ទប់ជួលរបស់មិត្តភក្ដិ ខ្លួនកំពុងតែដោះស្លាកលេខម៉ូតូ ក៏ត្រូវសមត្ថកិច្ចល្បាត សង្ស័យហើយនាំខ្លួនមកប៉ុស្តិ៍តែម្តង។

សូមជំរាបថា ជនសង្ស័យធ្លាប់ជាប់ពន្ឋនាគារព្រៃសរយៈពេល១ឆ្នាំ ពីបទអំពើលួច និងចេញមកវិញក្នុងឆ្នាំ២០១៦៕

មតិយោបល់