កំពង់ស្ពឺៈ មន្ដ្រីជាន់ខ្ពស់ អគ្គស្នងការនគរបាលជាតិ បានលើកឡើថា បើទោះបី ប្រទេសជាតិ កំពុងមានសន្តិភាពមែន តែយើងជាកម្លាំងនគរបាលជាតិ ត្រូវតែត្រៀមខ្លួន ជាស្រេច ក្នុងកិច្ចប្រតិបត្តិការ ការពារសន្តិសុខជាតិ ទាំងមូលជូនជាតិ និងពលរដ្ឋ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងពិធី ជួបសំណេះសំណាល ជាមួយសិក្ខាកាមវគ្គបំប៉នជំនាញ ការពារទប់ទល់បាតុកម្ម ជំនាន់ទី១ នៅសាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោកឧត្តមសេនីយ៍ អ៊ុំ អុន អនុប្រធានសេនាធិការ និងនាយសាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម នាពេលនេះ មកពីស្នងការដ្ឋានរាជធានី ខេត្តចំនួន៩ សរុបសិក្ខាកាមទាំងអស់ មានចំនួន ៣០០នាក់ មកពីរាជធានីភ្នំពេញ ,ខេត្តកណ្តាល ,កំពង់ចាម ,ស្វាយរៀង ,កំពង់ស្ពឺ ,តាកែវ ,បាត់ដំបង ,ព្រះសីហនុ ,និងខេត្តកំពង់ឆ្នាំង ក្នុងនោះសាលាអនុវត្តន៍វិន័យចំពោះសិក្ខាកាមដោយបញ្ឈប់ពីការសិក្សាចំនួន ៣នាក់ បញ្ជូនទៅអង្គភាពដើមចំនួន ១៣នាក់ ដោយសារបញ្ហាសុខភាព និងសរសេរ កិច្ចសន្យាចំនួន ១៦នាក់ ។
លោក បន្តថា វគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្មនេះ មានគោលបំណងសំខាន់ៗ មួយចំនួនមានដូចជា ៖ ទី១-បណ្តុះបណ្តាលជំនាញដល់មន្ត្រីនគរបាលជាតិ ឲ្យមានជំនាញទប់ទល់ប្រឆាំងបាតុកម្ម ដើម្បីបំពេញសេចក្តីត្រូវការក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គ ភាពនគរបាល និងសហគមន៍ ព្រមទាំងបណ្តាប្រទេសនានាក្នុងតំបន់ និងសកល ។ ជាពិសេសក្នុងបរិបទនៃការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសមាគមន៍សេដ្ឋកិច្ចអាស៊ាន ,ទី២-ដើម្បីឆ្លើយតមផែនការ សហប្រតិបត្តិការ ឆ្នាំ២០១៦ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណៈ សង្គមនិយមវៀតណាម ,ទី៣-បណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ ឲ្យក្លាយជាមន្ត្រីដែលមានចំណេះគោរពវិន័យការងារ មានសីលធម៌រស់នៅល្អ គោរពក្រមសីលធម៌វិជ្ជាជីវៈ ចេះទំនាក់ទំនងរវាងបុគ្គល រវាងអង្គភាព គោរពច្បាប់ និង ភាពស្មោះត្រង់ ក្នុងការបំរើប្រទេសជាតិ ។
លោកឧត្តមសេនីយ៍ បន្ថែមថា វគ្គបំប៉នជំនាញ ទប់ទល់ប្រឆាំងបាតុកម្ម នេះ បង្រៀនដោយសាស្ត្រាចារ្យជំនាញៗមកពីក្រសួងនគរបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និងគ្រូនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ព្រមទាំងគ្រូប្រចាំសាលាដែលមានរយៈពេល ៣ខែ ស្មើនឹងចំនួន ៧១២ម៉ោង ។ លោក បន្តថា ដើម្បីពង្រឹង គុណភាព និងសមត្ថភាពរបស់សិក្ខាកាម ក្នុងវគ្គបំប៉នជំនាញនេះ តម្រូវឲ្យមានការអនុវត្តប្រតិបត្តិការ ជាក់ ស្តែងនៅលើទីលានចំនួន ៧៥ភាគរយ និងសិក្សាទ្រឹស្ដី ក្នុងថ្នាក់រៀនតែ ២៥ភាគរយប៉ុណ្ណោះ ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រ សាសន៍ថា ទោះបីសភាការណ៍ សន្តិសុខ មានការល្អប្រសើរ មួយរយៈពេលចុងក្រោយនេះ ទាំងបញ្ហានយោបាយ និងបុគ្គលអ្នកនយោបាយក៏ដោយ ព្រមទាំងបទល្មើសផ្សេងៗមានការថយចុះ ក្នុងនោះបញ្ហាសំខាន់មួយដែលចាប់អារម្មណ៍ជាងគេ គឺក្នុងករណី ឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នាពេលកន្លងទៅនេះ មានអ្នកនយោបាយមួយចំនួនតូច បានឆ្លៀតកេង ចំណេញ លើរឿងនេះ ប៉ុន្តែឃាត កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នឹងកំពុងដំណើរតាមនីតិវិធីតាមច្បាប់ ។
នាយឧត្តមសេនីយ៍ បន្តថា ទោះបីសភាពការណ៍វិវត្តន៍ល្អ ប៉ុន្តែក្នុងនាមកងកម្លាំង មិនអាចវាយតម្លៃសភាពការណ៍បានឡើយ ត្រូវសំឡឹង ទៅមុខព្រោះជិតដល់ការ បោះឆ្នោតជាពិសេសអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោតតែងតែងតែមានអំពើហិង្សាគ្រប់ពេល ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបន្តទៀតថា ក្នុងនាមជាកងកម្លាំងនគរបាលជាតិ មានភារកិច្ច២ ធំៗ គឺ ៖ ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ទប់ស្កាត់ការ ការធ្វើបាតុកម្ម គ្រប់រូបភាព ដើម្បីការពាររក្សាសន្តិសុខជាតិទាំងមូល មិនត្រូវចាត់ទុកប្រជាជនជា សត្រូវឡើយ គឺចាត់ទុក្ខពួកគាត់ជាឪពុកម្តាយ បងប្អូនរបស់យើង ក្នុងនោះ ពេលមានបាតុកម្មបាតុកម្ម ក្រុមបាតុករតែងតែផ្ទុះកំហឹង អាចឈានដល់កើត មានអំពើហឹង្សា ដូច្នេះ កម្លាំងយើងត្រូវការជំនាញ ទើបមានការហាត់ហ្វឹកហ្វឺននេះឡើង ដើម្បីការពារសុវត្ថិភាព ខ្លួនផ្ទាល់ និងអង្គភាពពីគ្រោះថ្នាក់ផ្សេងៗ ពេលមានសភាពការមានឡើងម្តង ៕
មតិយោបល់