ព័ត៌មានជាតិ

រថយន្តធុនធំចូលខុសម៉ោងទៀតហើយ! លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ មិនហ៊ានឃាត់រថយន្ត ធ្វើឲ្យពលរដ្ឋរិះគន់…

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី១២ ខែមិនា​ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី២ មានរថយន្តកុងតឺន័រ ចូលទាំងព្រឹក បង្កការស្ទះចរាចរណ៍ មិនមានអាជ្ញាធរណាទប់ស្កាត់ទេ ជាពិសេសនៅក្នុងដែនសមត្ថកិច្ចខណ្ឌមានជ័យ មានលោក ពេជ្រ កែវមុនី ជាប្រធានគណបញ្ជាការឯកភាពខណ្ឌ មិនឃើញមានចំណាត់ការណាឲ្យមានប្រសិទ្ធភាព ស្របតាមសេចក្ដីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ដែលហាមដាច់ខាត រថយន្តធុនធំចូលខុសម៉ោងក្នុងក្រុង។

ជាក់ស្ដែងកាលពីព្រឹកមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តប្រភេទសណ្ដោងរ៉ឺម៉ក បានបុកស្ត្រីម្នាក់ អាយុ ៥៥ឆ្នាំស្លាប់ នៅកន្លែងកើតហេតុ។ មួយវិញទៀត ប៉ុន្មានថ្ងៃមុននោះ គណបញ្ជាការឯកភាពខណ្ឌមានជ័យម្នាក់ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរង បានចុះឃាត់រថយន្ត ចូលខុសម៉ោង តាមបណ្ដោយផ្លូវ ២១៧ ម្ដុំស្តុបស្រាបៀរ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ប៉ុន្តែហាក់បីដូចជាធ្វើតែមួយប្រាវ ហើយស្ងាត់ឲ្យឈឹង។

ប្រជាពលរដ្ឋលួចខ្សឹបប្រាប់ Post News ថា ធ្វើឲ្យគ្រាន់តែល្អមើលទេ សង្ស័យតែខ្លាចអំណាចក្រុមហ៊ុនដឹកជញ្ជូនហើយមើលទៅ ប្រជាពលរដ្ឋចង់ឲ្យធ្វើដូចភ្លៀងរលឹម កុំឲ្យរឿងមួយនេះ នៅតែកើតមានដដែលៗ៕

មតិយោបល់