ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ ឈ្លោះប្រកែកគ្នាក្នុងវង់ផឹកស៊ី យកកាំបិតកាប់ទៅលើមិត្តភក្ដិ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅចំណុចវាលស្បូវ ក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៤៩នាទី។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ឹម វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះ ឈ្មោះ ចាន់ ពិនិត្យ ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ តាមការស្រាវ ជ្រាវរបស់សមត្ថកិច្ច នៅកន្លែងកើតហេតុ បានអះអាងថា ករណីឃាតកម្មនេះ បណ្តាលមកពីជនសង្ស័យឈ្មោះ អ៊ឹម វុទ្ធី ជាប្តីប្រច័ណ្ឌប្រពន្ធខ្លួន ទើបបង្កឲ្យមានអំពើហិង្សាក្លាយជាឃាតកម្មនេះ កើតឡើងតែម្តង ។
លោកអធិការ បានបន្តប្រាប់ឲ្យដឹងថា មុនពេលកើតជនសង្ស័យ និងជនរងគ្រោះ បាននាំគ្នាផឹកស៊ីជាមួយគ្នា លុះស្រវឹងរៀងខ្លួន ក៏បានឈ្លោះប្រកែកគ្នា ហើយទំនងជាជនសង្ស័យឈ្មោះ អ៊ឹម វុទ្ធី ប្រច័ណ្ឌជាមួយជនរងគ្រោះឈ្មោះ ចាន់ ពិនិត្យ ទៅលើប្រពន្ធរបស់ខ្លួន ក៏ស្ទុះទៅយកកាំបិតកាប់ទៅលើជនរងគ្រោះចំនួន០៣កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយធ្វើសកម្មភាពរួចជនសង្ស័យក៏រត់គេចខ្លួនបាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងតាមប្រម៉ាញ់ ដើម្បីចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសរកយុត្តិធម៌ ជូនជនរងគ្រោះ ចំពោះសាក សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់