ព័ត៌មានជាតិ

ផ្ទះចំនួន ៣ភូមិ ត្រូវបុរសម្នាក់យកភ្លើងដុតបំផ្លាញ មិនដឹងមូលហេតុ សមត្ថកិច្ចឃាត់ខ្លួន!

សៀមរាប: សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយចេតនា (ដុតផ្ទះ) កាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃទី ១១ មិនា ឆ្នាំ២០១៩ ភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ ឡា លា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរធ្វើស្រែ ស្រុកកំណើតនៅភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្ន រស់នៅភូមិស្រះ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

ផ្ទះដែលឆេះអស់នោះមានចំនួន ០៤ខ្នង កើតឡើងនៅភូមិចំនួន ៣ ស្ថិតក្នុងមូលដ្ឋានឃុំរើល ស្រុកពួក​ ខេត្តសៀមរាប ។

– ផ្ទះទី១ របស់ជនរងគ្រោះឈ្មោះ ញ៉ាណ លឿ ភេទស្រី អាយុ ៥៣ឆ្នាំ ភូមិស្រះ ឃុំរើល ស្រុកពួក ខេត្តសៀមរាប មានទំហំ ៦x៥ ម៉ែត្រ និងកម្ពស់២ម៉ែត្រ ជញ្ជាំងក្ដារ ប្រក់ស៊ីប្រូ ឆេះអស់ទាំងស្រុង។

– ផ្ទះទី២ ឈ្មោះ ព្រឿម គង់ ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ ផ្ទះទំហំ ៥x៤ កម្ពស់ ១.៨០ម៉ែត្រ ប្រក់ស័ង្កសី ខូចខាតឆេះស្រូវ ១.៥០តោន កង់១គ្រឿង ទូរទស្សន៍១ ផ្ទាំងសូឡា ១គ្រឿង ឆេះអស់ទាំងស្រុង។

– ផ្ទះទី៣ ឈ្មោះ ភាវ ថា ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប កម្ពស់ ១.៥០ម៉ែត្រ ខូចខាតឆេះគ្រឿងឈើទុកធ្វើផ្ទះ១ឈុត ស្រូវ ១តោនកន្លះ ទូរទស្សន៍១ ផ្ទាំងសូឡា ១គ្រឿង កង់ ៣គ្រឿង និងប្រាក់បាទ ៤៥០០០បាត ឆេះអស់ទាំងស្រុង។

– ផ្ទះទី៤ ឈ្មោះ មឿន មឿត ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ផ្ទះទំហំ ៦x៥ម៉ែត្រ កម្ពស់ ២ម៉ែត្រ ខូចខាតឆេះស្រូវ២តោន ទូរទស្សន៍១ ផ្ទាំងសូឡា ០១គ្រឿង ឆេះអស់ទាំងស្រុង។

ករណីនេះ ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍ រួចកសាងសុំណុំរឿង បញ្ជូនចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់