ភ្នំពេញៈ យុវជនម្នាក់បើករថយន្ត HYUNDAISANTAFE ស៊េរីឆ្នាំ២០២០ មួយគ្រឿង ក្នុងល្បឿនលឿនខ្លាំងជំពើបគ្នា និងរថយន្តមួយគ្រឿងទៀត ដែលធ្វើដំណើរនៅពីមុខរថយន្តខ្លួន ក៏ងាកចង្កូតរថយន្តគេចទៅខាងស្តាំ ក៏ជ្រុលទៅបុកនិងបង្គោលភ្លើង និងដើមឈើមួយដើម បណ្តាលឲ្យដាច់បាក់ដួលរលំដល់ដីរងការខូចខាត ។
ហេតុការណ៍នេះ ដែលបានកើតឡើង កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ289 ទល់មុខទីស្តីការក្រសួងសុខាភិបាល ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្ដបង្កម៉ាក hyundaiSantafe ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC-4943 រងការខូចខាត មួយកំណាត់មុខទាំងស្រុង ។
ប្រភពពីអ្នកបើកបររថយន្តបង្ក បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺគាត់បានបើករថយន្តតាមបណ្ដោយផ្លូវលេខ289 ក្នុងល្បឿនលឿនខ្លាំងទិសដៅពីត្បូងទៅជើង ខណៈមកដល់កន្លែងកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត ដែលធ្វើដំណើរនៅពីមុខរថយន្ត គាត់ក្នុងល្បឿនលឿនល្មមភ្លាមៗ ក៏ជំពើបគ្នាគាត់ក៏ព្យាយាមងាកចង្កូតរថយន្តគេចមកខាងស្តាំ ក៏ជ្រុលទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្តាលអោយដាច់បាក់រងការខូចខាតទាំងស្រុង និងបន្តបុកដើមឈើមួយដើមទៀត បណ្តាលឲ្យរលើងទាំងឫសដួលរាបស្មើដល់ដី រងការខូចខាតដូចគ្នា ។ ចំណែករថយន្តបង្ក រងការខូចខាតមួយកំណាត់មុខទាំងស្រុង និងអ្នកបើកបរមិនមានរងរបួសអ្វីឡើយ ។
ក្រោយកើតហេតុ រថយន្ដបង្កត្រូវបានសមត្ថកិច្ចជំនាញ ស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយជាមួយ និងបង្គោលភ្លើង និងដើមឈើដែលជាទ្រព្យសម្បត្តិរដ្ឋ ៕
មតិយោបល់